Thu. Apr 15th, 2021

    (ខេត្តស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង ប្រកាសថា មានករណី ស្ត្រីជនជាតិ វៀតណាម ចំនួន ០២នាក់ (អាយុ ២៨ឆ្នាំ និងអាយុ ២៧ឆ្នាំ មានអាសយដ្ឋាននៅខណ្ឌចំការមន រាជធានីភ្នំពេញ)។

    ដែលធ្វើដំណើរពីរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ទៅ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត តាមរយៈរថយន្តតាក់ស៊ីម៉ាក់ ហាយឡែនឌ័រ មានស្លាកលេខ ភ្នំពេញ 2AC-4048 ក្នុងគោលបំណងឆ្លងដែនទៅប្រទេសវៀតណាម ប៉ុន្តែដោយសារពុំមាន ឯកសារគ្រប់គ្រាន់ ទើបមន្ត្រីប្រចាំការនៅច្រកទ្វារ ពុំអនុញ្ញាតឱ្យឆ្លងដែននោះទេ ទើបស្ត្រីទាំងពីររូប ខាងលើ បានមកស្នាក់នៅសណ្ឋាគារហេង ហេង សិរីរ័ត្ន នៅយប់ថ្ងៃដដែល នៅក្រុងបាវិត ខេត្តស្វាយរៀង។

    khmer1st.com

    រដ្ឋបាលខេត្តស្វាយរៀងបន្តថា រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៨យប់ ស្ត្រីទាំងពីររូបខាងលើ មានបំណងធ្វើដំណើរត្រឡប់ទៅ រាជធានីភ្នំពេញវិញ ប៉ុន្តែត្រូវបានកម្លាំងល្បាតប្រទះឃើញ និងឃាត់ខ្លួនមិនឱ្យចាក់ចេញពីសណ្ឋាគារ ។ ដោយមានការសង្ស័យនៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត បានយកវត្ថុសំណាកតេស្តពីស្ត្រីជនជាតិជនជាតិវៀតណាម ទាំង ពីររូបខាងលើ ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយលទ្ធផល នៃការធ្វើតេស្ត ចេញដោយ ក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ ថា ស្ត្រីជនជាតិវៀតណាម ទាំងពីរនាក់ខាងលើ វិជ្ជមានជំងឺកូវីដ១៩ និងត្រូវបានបញ្ជូនឱ្យទៅសម្រាកព្យាបាលនៅមន្ទីរ ពេទ្យបង្អែកស្រុកស្វាយជ្រុំ ។

    ចំពោះទីតាំង សណ្ឋាគារ ហេង ហេង សិរីរ័ត្ន រដ្ឋបាលខេត្ត បានសម្រេចផ្អាកអាជីវកម្មជា បណ្តោះអាសន្ន ។ រីឯម្ចាស់សណ្ឋាគារ បុគ្គលិក និងភ្ញៀវដែលស្នាក់នៅសណ្ឋាគារ ហេង ហេង សិរីរ័ត្ន សរុបចំនួន ១៦នាក់ រួមមាន ជនជាតិវៀតណាម ចំនួន ៧នាក់ ក្រុមគ្រួសារម្ចាស់សណ្ឋាគារ ចំនួន ៥នាក់ បុគ្គលិកសណ្ឋាគារ ចំនួន ២នាក់ និងភ្ញៀវស្នាក់នៅប្រចាំខែ ចំនួន ២នាក់ ត្រូវបាន ក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត យកវត្ថុសំណាកតេស្តទៅពិនិត្យ និង ដាក់ឱ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារ ហេង ហេង សិរីរ័ត្ន តែម្តង ។

    ចំពោះអ្នកពាក់ព័ន្ធនៅខាងក្រៅសណ្ឋាគារ សរុប ចំនួន ១៧នាក់ រួមមានកម្លាំងស្នងការដ្ឋាន នគរបាលខេត្ត ចំនួន ៧នាក់ កម្លាំងអធិការដ្ឋាននគរបាល និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងបាវិត ចំនួន ៦នាក់ អ្នកបើកបររថយន្តតាក់ស៊ី ចំនួន ១នាក់ អ្នករត់ម៉ូតូឌុប ចំនួន ៣នាក់ ត្រូវ បានយកវត្ថុសំណាកតេស្តទៅពិនិត្យ និងយកធ្វើចត្តាឡីស័កស្របតាមវិធានសុខាភិបាល ។

    បច្ចុប្បន្នក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ-១៩ខេត្ត កំពុង ស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលបន្ថែមទៀត ដើម្បីយកមកអនុវត្តតាម វិធានណែនាំរបស់ក្រសួងសុខាភិបាល ។

    ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ចូលក្នុងសហគមន៍ រដ្ឋបាលខេត្ត សូមធ្វើ ការអំពាវនាវ ដល់អ្នកដែលមានការពាក់ព័ន្ធ ឬដឹងថាខ្លួនប៉ះពាល់ជាមួយនឹងស្ត្រីជនជាតិវៀតណាម ខាងលើ ត្រូវមានភាពស្មោះត្រង់ មិនលាក់លៀម និងស្ម័គ្រចិត្តមកធ្វើតេស្តរកមេរោគជំងឺកូវីដ-១៩ ឱ្យ បានទាន់ពេលវេលា ដោយត្រូវទៅជួបក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត ដែល ប្រចាំការនៅមណ្ឌលចត្តាឡីស័កថ្នាក់ខេត្តកម្រិត២ ក្រុងបាវិត ឬតាមរយៈទូរស័ព្ទ លេខ ០៨៨ ៦៣៤២ ៧០០/០៨៨ ៧៩ ៣៦ ៣៧៣ ចាប់ពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះតទៅ ដើម្បីក្រុម ការងារពិនិត្យយកវត្ថុសំណាកតេស្ដរកជំងឺកូវីដ-១៩ និងធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ តាមការកំណត់ របស់ក្រសួងសុខាភិបាល៕

    Corona