Sun. Jun 13th, 2021

    (កោះកុង)​៖ ក្រុមគ្រូពេទ្យ​មន្ទីរពេទ្យ​បង្អែក​ខេត្តកោះកុង​ ប្រកាស​រកឃើញ​មាន​បុរស​វ័យ​៦៤​ឆ្នាំ​ម្នាក់​ស្លាប់​ ដោយសារ​ជំងឺ​កូវីដ-១៩ និង​សាច់ញាតិ​ចំនួន​២​នាក់​មាន​វិជ្ជមាន​កូ​វីដ ក្នុង​ចំណោម​មនុស្ស​៦​នាក់​ផ្សេងទៀត​។

    លោក​វេជ្ជបណ្ឌិត ហៃ ឡៃ​សុន ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង​ បានឱ្យដឹង​ព្រឹក​ថ្ងៃទី​១០ ខែមិថុនាថា ម៉ោង​៧​និង​៣០​នាទី មាន​បុរស​ឈ្មោះ ចាន់ លី បាន​ស្លាប់ ​នៅលើ​រថយន្ត​មុនពេល​មកដល់​មន្ទីរពេទ្យ​។ ​តាម​ការ​សួរនាំ​ពី​ប្រវត្តិ​របស់​អ្នកជំងឺ​គឺ​ធ្វើដំណើរ​មកពី​រាជធានី​ភ្នំពេញ​ រយៈពេល​៤​ថ្ងៃ​មកហើយ ​ដោយ​បានមក​សម្រាក​លេង​ជាមួយ​កូន​របស់​គាត់​ដែល​ជា​អ្នក​ចាំ​ចម្ការ​ឱ្យគេ ​នៅ​ចំណុច​វង់កាថៈ ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង ​ស្រុក​មណ្ឌលសីមា​។

    លោក​ប្រធាន​មន្ទីរពេទ្យ បន្ថែមថា អំឡុងពេល​៤​ថ្ងៃនេះ បុរស​ដែល​ស្លាប់​មាន​អាការៈ​ដកដង្ហើម​ដង្ហក់​ខ្លាំង ​ទើប​ក្រុម​គ្រួសារ​ដឹក​មក​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ ​ប៉ុន្តែ​ដោយសារ​មើល​នូវ​ស្ថានភាព​របស់​អ្នកជំងឺ​ធ្ងន់ធ្ងរ​ខ្លាំង​ ក្រុម​គ្រូពេទ្យ​ក៏​ផ្តើម​ស្រាវជ្រាវ​ជាបន្ទាន់​មួយ​មិន​អនុញ្ញាត​ឱ្យ​យក​អ្នកជំងឺ​ចេញពី​រថយន្ត​ភ្លាមៗ​ទេ​។

    លោក​វេជ្ជបណ្ឌិត ហៃ ឡៃ​សុន អះអាងថា ​ដើម្បី​កត្តា​ហានិភ័យ​នៃ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ និង​សង្ស័យ​លើ​អ្នក​ពាក់ព័ន្ធ គឺ​ក្រុមគ្រូពេទ្យ​ពុំ​អនុញ្ញាត​ឱ្យ​ក្រុម​គ្រួសារ​យក​សាកសព​ចេញពី​មន្ទីរពេទ្យ​ឡើយ ដើម្បី​លទ្ធភាព​ដល់​ក្រុម​គ្រូពេទ្យ​រៀបចំ​វេច​ខ្ចប់​តាម​លក្ខណៈ​បច្ចេកទេស​វេជ្ជសាស្ត្រ​។ ​រីឯ​សាច់ញាតិ​ចំនួន​៦​នាក់​ផ្សេងៗ​ទៀត​ដែល​រួម​ដំណើរ​ជាមួយ​សាកសព ​ក៏ត្រូវ​បាន​យក​សំណាក​ធ្វើតេស្ត​រហ័ស​គឺ​រក​ឃើញ​ចំនួន​២​មាន​វិជ្ជមាន​កូ​វីដ​។

    ដោយឡែកសម្រាប់លោក​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង ថ្លែងថា ​មន្ត្រី​សុខាភិបាល កំពុង​តាមដាន​រក​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​ស្លាប់​ជាច្រើន​ នៅ​តំបន់​វង់កា​ថៈ ​ឃុំ​ប៉ាក់​ខ្លង​ ជាពិសេស ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តកោះកុង ​គ្រា​ដែល​កូន​ប្រសារ​បុរស​វ័យ​ចំណាស់​ដែល​ស្លាប់​បម្រើការ​ងារ​នៅ​ការិយាល័យ​រដ្ឋបាល​នៅ​រោងចក្រ​KKN រសៀល​ថ្ងៃនេះ​។

    លោក​វេជ្ជបណ្ឌិត ទៅ ម៉ឹង អះអាងថា សព​បុរស​ឈ្មោះ ចាន់ លី​ យកទៅ​បូជា​នៅ​វត្ត​ព្រែក​ស្វាយ សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ​។​ ចំពោះ​សាច់ញាតិ​ដែល​រក​មិន​ឃើញ​វិជ្ជមាន​កូ​វីដ​ ចំនួន​៥​នាក់ តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​ចម្ការ​របស់​ពួកគេ​នៅ​តំបន់​វង់កា​ថៈ​៕

    Corona