Sun. Jun 13th, 2021

    (អាមេរិក)៖ លោក Tim Cook នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បានបញ្ជាក់ថាលោកមិនធ្លាប់បានជួបជាមួយលោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla ឡើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Business Inside នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។

    ប្រហែលជាពីរសប្ដាហ៍មុននេះ លោក Elon Musk បានបង្ហោះសារមួយនៅលើបណ្ដាញសង្គម Twitter ថា ក្រុមហ៊ុន Tesla អាចធំជាង Apple តែក្នុងរយៈប៉ុន្មានខែប៉ុណ្ណោះ ប៉ុន្តែសារនេះ ត្រូវបានលុបចេញវិញ។

    លោក Cook បានថ្លែងប្រាប់សារព័ត៌មាន The New York Times តាមរយៈកិច្ចសម្ភាសន៍កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា លោកមិនដែលធ្លាប់បានជួប និងនិយាយជាមួយលោក Elon ឡើយ ប៉ុន្តែលោកកោតសរសើរចំពោះស្នាដៃដែលលោក Elon Musk បានបង្កើតឡើង។

    លោកបានបន្តទៀតថា ខ្ញុំគិត ក្រុមហ៊ុន Tesla បានធ្វើការងារមួយដែលមិនគួរឲ្យជឿរួចរាល់ហើយ និងបាននាំមុខគេទៀតផង មិនត្រឹមតែប៉ុណ្ណោះថែមទាំងរក្សាបាននូវការនាំមុខគេយូរអង្វែងក្នុងវិស័យរថយន្តអគ្គិសនី។

    គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple និង Tesla គឺស្ថិតនៅមួយផ្នែកម្នាក់នៃអាជីវកម្ម ពោលគឺមិនមែនជាគូប្រជែង ប៉ុន្តែក្រោយពី Apple បានប្រកាសថានឹងឈានជើងចូលទីផ្សាររថយន្តបើកបរដោយស្វ័យប្រវត្តិនៅឆ្នាំ២០២៤ ក្រុមហ៊ុនទាំងពីរហាក់ខិតជិតគ្នា និងបានក្លាយជាគូប្រជែងក្នុងពេលឆាប់ៗខាងមុខនេះ៕