Mon. May 23rd, 2022

    (មី​យ៉ាន់​ម៉ា)៖ ប្រធាន​អង្គការ​យន្តការ​ស៊ើបអង្កេត​ឯករាជ្យ​សហភាព​មី​យ៉ាន់​ម៉ាលោក Nichols Koumjian បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ការពិត​បង្ហាញ​ពី​ការវាយប្រហារ​យ៉ាង​ទូលំទូលាយ និង​ជា​ប្រព័ន្ធ​ទៅលើ​ប្រជាជន​ស៊ីវិល ដែល​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ប្រព្រឹត្ត​ដោយ​កងកម្លាំងសន្តិសុខ​សហភាព​មី​យ៉ាន់​ម៉ា បន្ទាប់ពី​រដ្ឋប្រហារ​កា​ល​ពី​ខែ​កុម្ភៈ​។

    លោក Koumjian បាន​និយាយ​ថា យើង​នឹង​បន្ត​ប្រមូល​ភស្តុតាង​ហើយ​វិភាគ​វាដើម្បី​បំពេញ​កាតព្វកិច្ច​របស់​យើង ដូច្នេះ​នៅ​ថ្ងៃ​ណាមួយអ្នកទទួលខុសត្រូវ​សម្រាប់​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ធ្ងន់ធ្ងរ​ នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ានឹង​ត្រូវ​យក​មក​កាត់​ទោស។

    លោក​បាន​បញ្ញាក់​ថា នៅ​ក្នុង​ខែ​ដំបូង ឬ​បន្តបន្ទាប់​នេះ កងកម្លាំង​សន្តិសុខ​បាន​អនុវត្ត​ការ​ឆ្លើយ​តប​តាម​វិធានការ ​សំដៅ​ទៅ​រក​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​។ ទោះជា​យ៉ាង​ណា ក្រោយ​រដ្ឋប្រហារ​យើង​បាន​ឃើញ​ការ​កើន​ឡើង​អំពើ​ហិង្សា​ និង​វិធីសាស្ត្រ​ហិង្សា​ជាច្រើនទៀត​ដែល​បាន​ប្រើ​ដើម្បីបង្ក្រាប​ក្រុម​បាតុករ ហើយ​ការ​បង្ក្រាប​បាន​កើតឡើង​នៅ​កន្លែង​ផ្សេងៗ​គ្នាក្នុង​ពេល​តែមួយ ដែល​ក្រុម​ស៊ើបអង្កេត​របស់​យើងបាន​មើល​ឃើញ​ថា ក្រុម​ពិសេសត្រូវ​បាន​កំណត់​គោលដៅជាពិសេស​ការ​ចាប់​ខ្លួន និង​ការ​ឃុំខ្លួន​ដែល​ហាក់​មិន​មាន​ដំណើរការ​ត្រឹមត្រូវ​តាមច្បាប់​។

    ​អ្នក​ដែល​ត្រូវ​ឃុំខ្លួន​ទាំងនេះ រួមមាន​ទាំងអ្នកសារព័ត៌មាន បុគ្គលិក​ពេទ្យ និង​អ្នកប្រឆាំង​នយោបាយ​។ ដោយ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ខែកញ្ញា ឆ្នាំ២០១៨ ដោយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​យន្តការស៊ើបអង្កេត​ឯករាជ្យ ​សម្រាប់​សហភាព​មី​យ៉ាន់​ម៉ាមាន​កាតព្វកិច្ច​ក្នុង​ការ​បង្រួបបង្រួម អភិរក្ស និង​វិភាគ​ភស្តុតាង​នៃ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ធ្ងន់ធ្ងរ​បំផុត និង​ការ​បំពានច្បាប់​អន្តរជាតិ ដែល​បានប្រព្រឹត្ត​នៅ​ក្នុង​សហ​ភាព​មី​យ៉ាន់​ម៉ា​ចាប់​តាំង​ពី​ឆ្នាំ២០១១ និង​ដើម្បី​រៀបចំ​ឯកសារ​ជួយ​ដល់​ដំណើរការឧក្រិដ្ឋកម្ម​ឯករាជ្យ​ណាមួយ​ ស្រប​តាម​ស្តង់ដារ​ច្បាប់អន្តរជាតិ​៕