Sun. Jun 13th, 2021

    (សោតប៉ូឡូ)៖ ការិយាល័យ​ពន្លត់​អគ្គិភ័យ​ទីក្រុង​បាន​និយាយ​ថា អគារ​កម្ពស់ ៤​ជាន់​បាន​បាក់​រលំ​នៅ​ភាគ​ខាងលិច​ទីក្រុង Rio de Janeiro បណ្ដាល​ឲ្យ​មនុស្ស​ពេញ​វ័យ​ម្នាក់ និង​កុមារ​ម្នាក់​បាន​បាត់បង់​ជីវិត​ និងបាន​បំផ្លាញ​លំនៅឋាន​នៅ​ក្បែរ​នោះ​។​

    ជនរងគ្រោះ​ជា​ឪពុក​អាយុ ៣០​ឆ្នាំ​ និង​កូនស្រី​អាយុ ៣​ឆ្នាំ​។ ការិយាល័យ​ពន្លត់​អគ្គិភ័យ​ក្នុងស្រុក​បាន​បញ្ជាក់​ថា មាន​អ្នកស្រុក​ដែល​រង​របួស​ចំនួន ៤​នាក់​ត្រូវ​បាន​គេ​ជួយសង្គ្រោះ​ពី​គំនរ​បាក់បែក ហើយការងារ​ជួយសង្គ្រោះ​កំពុង​បន្ត​ធ្វើ​។​ ​

    យោង​តាម​អ្នក​រស់​នៅ​អគារ​ជិតខាង​បាន​អោយ​ដឹង​ថា សំឡេង​បាន​ផ្ទុះ​ឡើង​ដោយសារ​ការ​បាក់​រលំ​អគារ​ភ្លាមៗ និង​មាន​អគ្គិភ័យ​ឆាប​ឆេះ​យ៉ាង​សន្ធោសន្ធៅ​។ បច្ចុប្បន្ន​អគ្គិភ័យ​ត្រូវ​បាន​ពន្លត់ ហើយ​អ្នកស្រុក​បាន​ជម្លៀស​ទៅ​កន្លែង​មាន​សុវត្ថិភាព ប៉ុន្តែ​ចំនួន​អ្នក​ស្លាប់ ​និង​របួស​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​នៅ​ឡើយ​។

    ​ទោះបី​មូលហេតុ​នៃ​គ្រោះថ្នាក់​ កំពុង​ស្ថិត​ក្រោម​ការស៊ើបអង្កេត​ក៏ដោយ វា​មិន​មែន​ជា​លើក​ទី​១ ​នោះ​ទេ​ដែល​គ្រោះថ្នាក់​បាក់​អគារ​បាន​កើតឡើង​។ នៅ​ឆ្នាំ​២០១៩ មនុស្ស​ ២៤​នាក់​បាន​ស្លាប់ ខណៈ​អគារដែល​គ្មាន​ការ​អនុញ្ញាត​ ២​កន្លែង​បាន​បាក់​រលំ​។ ក្រោយមក​មក​រដ្ឋាភិបាល​ក្រុង​បាន​ចាប់ផ្ដើម​ កម្ទេច​សំណង់​អគារ​ខុសច្បាប់​នៅ​ភាគ​ខាងលិច​នៃ​ទីក្រុង ហើយ​ ៧៥​% ​នៃ​សំណង់​អគារ​ទាំងនោះ​ត្រូវ​បាន​កម្ទេច​ចោល​តាំងពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២០៕