Tue. Jan 25th, 2022

    (​ភ្នំពេញ)៖ លោកតា​ចំណាស់​ម្នាក់​បាន​ស្លា​ប់​បាត់បង់​ជីវិត​នៅ​ក្នុងភ្នក់​ភ្លើង បន្ទាប់​ពី​ឈ្លោះ​ទាស់ទែង​ពាក្យ​សម្តី​គ្នា​ជាមួយ​ស្ត្រី​ចំណាស់​ជា​ប្រពន្ធ។ ​ខណៈ​ពេល​ប្តី​កំពុង​តែ​លង់​ដេក​នោះក៏​ត្រូវ​ប្រពន្ធ​លួច​ចាក់​អាកុល​ដុត​តែ​ម្តង បណ្តាល​អោយ​ស្លា​​ប់​នៅ​ក្នុង​បន្ទប់​គេង។ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២១ ស្ថិត​នៅ​ចំណុច​ផ្ទះ​លក់​ឱសថស្ថាន​រង​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

    ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ភៅ ម៉ៅ អាយុ​៨៤​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ស្ពឺ ចំណែក​ជនសង្ស័យ​ជា​ប្រពន្ធ មានឈ្មោះ ទៀង ស៊ី​ម ភេទ​ស្រី អាយុ​៧៧​ឆ្នាំ ។ អ្នក​ទាំង​២ មាន​លំនៅ​ឋាន​នៅ​ចំណុច​កើតហេតុ ដោយ​បុរស​ជា​ប្តី​គឺជា​គ្រូពេទ្យ​បើក​ឱសថស្ថាន​រង (​លក់​ថ្នាំពេទ្យ​) ដើម្បី​ចិញ្ចឹម​ជីវភាព​២​នាក់​យាយ​តា ។

    លោក​វរសេនីយ៍ត្រី ជា រតនា នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចាក់​អង្រែ​លើ បាន​ប្រាប់​អោយ​ដឹង​ថា ៖ ជា​រឿយ​ៗ លោកយាយ​លោកតា​ទាំង​២​នាក់​ប្តី​ប្រពន្ធ តែងតែ​ឧស្សាហ៍​ឈ្លោះប្រកែក​គ្នា ប៉ុន្តែ​ការ​ឈ្លោះប្រកែក​គ្នា​នោះ មិនមែន​ផ្តើម​ចេញពី​រឿង​ធំដុំ​អី​នោះ​ទេ គឺជា​រឿង​ពិបាក​ពេល​សម្រាន្ត និង​ឧស្សាហ៍​ចុក​ដៃជើង ជា​ពិសេស​លោកតា​ជា​ជន​រង​គ្រោះ គាត់​កាន់តែ​ចាស់ ហើយ​ចេះ​តែ​ឧស្សាហ៍​រអ៊ូ​រទាំ​ច្រើន​ជា​ប្រចាំ​ថ្ងៃ ធ្វើ​អោយ​ស្ត្រី​ជា​ប្រពន្ធ​ខឹងសម្បា​ក៏​កើត​ចិត្ត​ឈ្លោះ​គ្នា​មករ​ហូត ។

    លោកនាយ​ប៉ុស្តិ៍ បន្ត​ថា នៅ​យប់​រំលង​អធ្រាត្រ​ថ្ងៃ​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​បាន​រអ៊ូរទាំ ទាំង​យប់ និង​បាន​ទាស់​ពាក្យ​សម្តី​ជាមួយ​ស្ត្រី​ជា​ប្រពន្ធ ធ្វើ​ដំបៅ​ចាស់​ដែល​ព្យាបាល​មិនជា​សោះ​នោះ បាន​រើរ​ឡើង​មក បណ្តាល​អោយ​ស្ត្រី​ជា​ប្រពន្ធ​ខឹង​ចិត្ត ក៏​យក​អាល់កុល​ចាក់​លើ​ពូក ហើយ​យក​ដែកកេស​ដុត ខណៈ​ពេល​ប្តី​កំពុង​តែ​ដេក​លង់លក់​ក្នុង​ដំណេក បង្ក​អោយ​ក្លាយជា​អណ្តាតភ្លើង​ឆាបឆេះ​ឡើង រហូត​ឆេះ​រោល​បុរស​ជា​ប្តី​ស្លា​​ប់​ក្នុងភ្នក់​ភ្លើង​តែ​ម្តង ចំណែកឯ​ស្ត្រី​ជា​ប្រពន្ធ​ក៏​ត្រូវ​រង​របួសរ​លាកខ្លួន​ផង​ដែរ ព្រោះតែ​អណ្តាតភ្លើង​ឆាបឆេះ​ខ្លាំង​ពេក ។

    ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​អន្តរាគមន៍​ដល់ទី​តាំង​កើតហេតុ តាំងពី​ពេល​កើតហេតុ ដោយ​បាន​ហ៊ុម​ព័ទ្ធ​ខ្សែ​ជា​បណ្តោះអាសន្ន និង​បាន​ឃាត់ខ្លួន​ស្ត្រី​ជា​ប្រពន្ធ​យក​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​សាកសួរ​នាំ ។ លុះ​រហូត​ព្រឹក​ឡើង ទើប​សមត្ថកិច្ច​ជំនាញ ចុះ​ត្រួតពិនិត្យ​វិ​ច្ច័​យ​ទីតាំង​កើតហេតុ និង​សាកស​ព​ជន​រង​គ្រោះ ។ ក្រោយ​ការ​ពិនិត្យ​វិ​ច្ច័​យ​យ៉ាង​ល្អ​ត់​ល្អន់​មក ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ត្រូវ​ស្លា​ប់​ក្នុងភ្នក់​ភ្លើង​ពិត​​ប្រាកដ​មែន ។

    យ៉ាងណាមិញ បច្ចុប្បន្ន ស្ត្រី​ជា​ប្រពន្ធ ត្រូវ​បាន​សមត្ថកិច្ច​សម្រេច​ធ្វើការ​ឃាត់ខ្លួន ដើម្បី​បន្ត​នីតិវិធី​ច្បាប់​ហើយ ក្រោយ​សាកសួរ​ដំណើរ​រឿង​រួច​មក រក​ឃើញ​ថា មាន​បទល្មើស​ពាក់ព័ន្ធ​នឹង​អំពើ​ឃាត​កម្ម ។ ដោយឡែក ចំពោះ​ស​ព​ជន​រង​គ្រោះ ត្រូវ​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​កូន​ៗ និង​សាច់ញាតិ ដើម្បី​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕