(ភ្នំពេញ)៖ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា មនុស្សដល់ទៅ ១,១៣០នាក់ ត្រូវបានរកឃើញឆ្លងកូវីដ-១៩នៅក្នុងចំណោមសំណាកដែលត្រូវបានធ្វើតេស្តកាលពីថ្ងៃម្សិលមិញនេះ។
បើតាមក្រសួងសុខាភិបាល ករណីឆ្លងថ្មីរហូតដល់ ៩៩១នាក់ គឺមានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ហើយករណីឆ្លង ១៣៩នាក់ទៀត គឺជាករណីនាំចូលពីក្រៅប្រទេស។

តួលេខនេះ បង្ហាញថា នេះជាលើកដំបូងហើយដែលកម្ពុជាបានរកឃើញករណីឆ្លងលើសពី ១ពាន់ករណីនៅក្នុងរយៈពេល ២៤ម៉ោង គិតចាប់តាំងពីកម្ពុជារកឃើញករណីឆ្លងលើកដំបូងកាលពីចុងខែមករាឆ្នាំមុនមក។
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែល ក្រសួងសុខាភិបាលក៏បានឱ្យដឹងផងដែរថា មនុស្ស ២៧នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលធ្វើឱ្យតួលេខអ្នកស្លាប់ដោយសារកូវីដ-១៩ បានកើនឡើងដល់ ៦០២នាក់ហើយនៅត្រឹមថ្ងៃនេះ។
ចំនួនអ្នកស្លាប់ ២៧នាក់ដែលក្រសួងសុខាភិបាលប្រកាសនៅថ្ងៃនេះ គឺជាតួលេខខ្ពស់បំផុតដែលកម្ពុជាមិនធ្លាប់មានគិតចាប់តាំងពីពេលកម្ពុជាប្រកាសករណីឆ្លងជាដំបូងកាលពីថ្ងៃទី១១ ខែមីនាកន្លងមកនេះ។
គិតត្រឹមថ្ងៃនេះ មនុស្សដល់ទៅ ៥០,៣៨៥នាក់ហើយ ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩នៅទូទាំងប្រទេសកម្ពុជាគិតចាប់តាំងពីពេលដែលកម្ពុជារកឃើញករណីឆ្លងលើកដំបូងកាលពីចុងខែមករាឆ្នាំមុន។
ប៉ុន្តែ ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ចំនួន ៤៤,១៤៣នាក់ ត្រូវបានព្យាបាលជាសះស្បើយហើយ ក្នុងនោះមានទាំងអ្នកជាសះស្បើយថ្មីចំនួន ៦៧០នាក់ ដែលក្រសួងប្រកាសនៅថ្ងៃនេះផងដែរ៕

Corona