Sun. Jun 13th, 2021

    (ភ្នំពេញ)៖ ក្រសួង​សុខាភិបាល​បាន​ប្រកាសនៅ​ថ្ងៃ​នេះ​ថា មនុស្ស ៤២៦​នាក់​បន្ថែម​ទៀត​បាន​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​​អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៧៦០​នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ។

    covid

    ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ទាំង​នេះ ត្រូវ​បាន​រក​ឃើញ​លើ​ប្រជា​ពលរដ្ឋ ៣៨០​នាក់ ជាប់​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ខណៈ​ករណី​ឆ្លង ៤៦​នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។

    ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹង​ទៀត​ថា តួលេខ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​សរុប បាន​កើន​ឡើង​ដល់ ៣០០​​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​នេះ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​តួលេខ​អ្នក​ស្លាប់​ថ្មី​ ១១​នាក់​ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។

    គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៣៦ ៦៦៦​នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​។

    ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប ២៩ ៨០៧​​​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី ៧៦០​នាក់ ដែល​ក្រសួង​ទើប​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

    Corona