Sun. Jun 13th, 2021

    (ភ្នំពេញ)៖ ក្រសួង​សុខាភិបាល​បាន​ប្រកាសនៅ​ថ្ងៃ​នេះ​ថា មនុស្ស ១២​នាក់​ទៀត បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយសារ​ជំងឺ​កូវីដ-១៩ ខណៈ​រក​ឃើញ​ពលរដ្ឋ​ ៦៧៨​នាក់​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​នេះ។

    covid

    ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា តួលេខ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​សរុប បាន​កើន​ឡើង​ដល់ ២៧៨​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​នេះ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​តួលេខ​អ្នក​ស្លាប់​ថ្មី​ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។

    ក្រសួង​សុខាភិបាល​ក៏​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ​ថា មនុស្ស ៦៧៨​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​​ឆ្លង​មេរោគ​កូវីដ-១៩ ក្នុង​នោះ​​ពលរដ្ឋ ៦២៩​​​នាក់​​បាន​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ខណៈ​ករណី​ឆ្លង​ថ្មី​ចំនួន ៤៩​​នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូលពី​ក្រៅ​ប្រទេស។

    គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៣៥ ៥១១​នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​។

    ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប ២៨ ៦៤៩​​​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី ៥៥៧​នាក់ ដែល​ក្រសួង​ទើប​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

    Corona