Mon. May 23rd, 2022

    (កំពង់ស្ពឺ)៖ កម្លាំងសមត្ថកិច្ចនគរបាល កាលពីយប់មិញ បានបើកប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំ នៅទីតាំងកែច្នៃក្រុមហ៊ុនចិនមួយក្នុងខេត្តកំពង់ស្ពឺ និងបានបាញ់សម្លាប់ជនជាតិចិនម្នាក់ ដោយសារជនសង្ស័យបានបាញ់តដៃជាមួយកម្លាំងសមត្ថកិច្ច។

    កម្លាំងសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី១២ ខែធ្នូម្សិលមិញ បានសហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីខេត្តចំនួន៤ បង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំ នៅខេត្តកំពង់ស្ពឺ ដោយដកហូតថ្នាំញៀនបានចំនួន ១៤០០គីឡូក្រាម។

    ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ការបង្ក្រាប ករណីគ្រឿងញៀនដ៏ធំសម្បើមនេះ បានធ្វើឡើងនៅក្នុងរោងចក្រផលិតដំណាំស្វាយមួយកន្លែង ឈ្មោះ ហ្វាមអេស៊ាង.ក នៅក្នុងឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃ ទី១២ ខែធ្នូនេះ ក្រោមកិច្ចសហប្រតិបត្តិការរួមគ្នារវាងមន្ទីរប្រឆាំងគ្រឿងញៀន សហការ និងស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ កោះកុង ព្រះសីហនុ និងរាជធានីភ្នំពេញ។

    លោកបានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ ក្រុមឈ្មួញគ្រឿងញៀន បានបាញ់មកលើកម្លាំង សមត្ថកិច្ច ​បណ្ដាលឱ្យមានការផ្ទុះអាវុធតទល់គ្នា បណ្ដាលឱ្យមានជនសង្ស័យម្នាក់ស្លាប់នៅនឹង​កន្លែងនិងពីរនាក់ត្រូវបានចាប់ខ្លួន៕