Tue. Jan 25th, 2022

    (ភ្នំពេញ)៖ កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ធ្វើការ​បង្ក្រាប​ជនសង្ស័យ ចំនួន ០២​នាក់ ដែល​ជា​មុខសញ្ញា​សកម្ម​ឆបោក​ប្រាក់​ពី​ជន​រង​គ្រោះ តាម​រយៈ​ការ​បង្កើត​កម្មវិធី​ទូរ​សព្ទ ឈ្នះ​រង្វាន់​ពី​ប្រព័ន្ធ​ធនាគារ​ចល័ត (​កាត ATM ឫ​តាម​រយៈ App ទូរ​សព្ទ​ដៃ​) ។

    ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ជនសង្ស័យ​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ពុធ ទី​០៨ ខែធ្នូ ឆ្នាំ​២០២១ ដោយ​មានការ​សម្របសម្រួល​ពី ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​បានការ​អនុញ្ញាត​ពី​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ លោកនាយ​ឧត្តមសេនីយ៍ ឆៃ ស៊ី​ណា​រិ​ទ្ធ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ក្រោម​ការ​ចង្អុលបង្ហាញ​បញ្ជា​ផ្ទាល់​ពី លោក​ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ។

    លោក​ឧត្តមសេនីយ៍ឯក ជា ពៅ បាន​បញ្ជាក់​ថា ប្រតិបត្តិការ​នេះ កម្លាំង​ជំនាញ បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​បង្ក្រាប​បាន​ជនសង្ស័យ ០២​នាក់រួម​មាន ៖
    ទី​១- ឈ្មោះ ម៉េ​ន វាសនា ហៅ យួ​ស សុ​ផា​រី​ណូ ហៅ ស្នា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​រាជធានី​ភ្នំពេញ។

    ​ទី​២- ឈ្មោះ ប្រាក់ វ​ណ្ណា​រ៉ុ​ង ហៅ ប៊ី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​រាជធានី​ភ្នំពេញ ។
    លោក​ឧត្តមសេនីយ៍ឯក បាន​បន្ថែម​ថា មុខសញ្ញា​ស ដែល​កម្លាំង​ជំនាញ​បង្ក្រាប​បាន​នេះ តែងតែ​ធ្វើ​សកម្មភាព​ក្លែងខ្លួន​ធ្វើ​ជា​បុគ្គលិក​ធនាគារ ហើយ​លួងលោម​ជន​រង​គ្រោះ​បង្កើត​កម្មវិធី ធនាគារ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ដោយ​គ្រាន់តែ​ចូល​ផ្លាស់​ប្តូរ​លេខ​កូដ​សម្ងាត់ តាម​ដែល​ខ្លួន​ណែនាំ រួច​ផ្ញើ​លេខ​កូដ​សម្ងាត់​ខ្លួន ដើម្បី​ឲ្យ​ខ្លួន​បញ្ចូល​ប្រាក់​រង្វាន់ ។

    បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

    ជាមួយ​គ្នា​នេះ​ដែរ សមត្ថកិច្ច​សូម​ធ្វើការ​ក្រើន រំ​ឮ​ក​ដល់​បងប្អូន ដែល​តែងតែ​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​ចល័ត សូម​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចៀសវាង​ការ​ចាញ់បោក​ជនខិលខូច ដែល​លួងលោម​ឲ្យ​បង្ហាញ​លេខ​កូដ​សម្ងាត់​ធនាគារ រួច​អាច​ទទួល​ប្រាក់​រង្វាន់​នានា ៕