Sun. Jun 13th, 2021

    (សៀមរាប)៖ មេ​ឈ្មួញ​រៀបចំ​ដី​ខ្យល់​លក់ ​និង​​ជន​ឆបោក​ម្នាក់ ​នៅ​ខេត្តសៀមរាប ​ត្រូវបាន​កង​កំលាំង​សមត្ថកិច្ច​ខេត្ដ​ ធ្វើការ​ចាប់ខ្លួនបាន​ហើយ នៅ​ថ្ងៃទី​០៣​ខែមិថុនា​ឆ្នាំ​២០២១​នេះ ​ទៅតាម​ដីកា​បង្គាប់​ឲ្យ​​នាំខ្លួន​លេខ​១៧៣/២១ ​ចុះ​ថ្ងៃទី​២ ​ខែមិថុនា ​ឆ្នាំ​២០២១ របស់​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្តសៀមរាប ​នៃ​ពាក្យ​បណ្តឹង​របស់​លោក​ស្រី ផាត់ សុ​ជឿន កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២១ ។

    ជន​ត្រូវ​ចោទ​នេះ មានឈ្មោះ​ផូ ស៊ីផា អាយុ ​៤៦​ឆ្នាំ​នៅ​ភូមិ​ព្រៃ​គុយ ឃុំ​អំពិល ​ស្រុក​ប្រាសាទបាគង​ខេត្ដ​សៀមរាប ​មុខរបរ​គួកជេរដី ​ហើយ​ជននេះ ​គេចវេស មិន​ព្រម​ចូលខ្លួន ​ទៅតាម​ការ​កោះហៅ​របស់​ព្រះរាជអាជ្ញា​ជាច្រើន​ដង ។

    khmer1st.com

    ​យោង​តាម​បណ្តឹង​របស់​លោក​ស្រី ផាត់ សុ​ជឿន កាលពី​ថ្ងៃទី​២៦​ ខែមីនា ឆ្នាំ​២០២១ បាន​ប្តឹង ឈ្មោះ ផូ ស៊ីផា​ ពីបទ​“​ប្រើ​អំពើ​ហិង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ ​ដោយ ​សុចរិត​” និង​បទ “​ប្រឆាំង​ និង​អ្នករាជការ​“ ប្រព្រឹត្តទៅ​នៅ​ភូមិ​សណ្តាយ ​ឃុំ​ខ្នារ​សណ្តាយ ​ស្រុក​បន្ទាយស្រី ​ខេត្តសៀមរាប​។

    បើតាម​ខ្លឹមសារ​នៃ​បណ្តឹង​ ​បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៦ ​ខែមីនា ​ឆ្នាំ​២០២១​នោះ ​គណៈកម្មការ​សុរិយា​ដី​ខេត្ត​ និង​ស្រុក​បន្ទាយស្រី ​បាន​ចុះ​បោះ​បង្គោល​ព្រំ លើ​ក្បាលដី​ជា​ប្រភេទ​ប្លង់​រឹង​ទាំង​៦​ក្បាលដី ​ដែល​មាន​ចំនួន​សរុប​២១.៤​ហិកតា ​នៅ​ភូមិ​សណ្តាយ ​ឃុំ​ខ្នារ​សណ្តាយ​ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ​(​ជិត​ទីតាំង​គម្រោង បុរី​អង្គរ​លែ​ន ម៉ាក្ស​)​។ ក្នុងពេលដែល​ក្រុម​គណៈកម្មការ​ចំរុះ ​កំពុង​ប្រតិបត្តិការ​ស្រាប់តែ​លោក ផូ ស៊ីផា បាន​ចុះ​មក​រារាំង​ដក​បំផ្លាញ​បង្គោលព្រំ ​ដោយ​ការ​ស្រែក​ជេរប្រមាថ​ជាមួយ​ចារឹក​ច្រងេងច្រងាង​បែប​មនុស្ស​ពាល ​មក​លើ​សមត្ថកិច្ច​ និង​ម្ចាស់​ដី ​កំពុង​អនុវត្ត​ តួនាទី​របស់​ពួកគេ​។​ជាង​នោះ​ទៅទៀត លោក ផូ ស៊ីផា ​បាន​យក​គ្រឿងចក្រ​អ៊ី​ច​ស្កា​រ មកកាយ​ហ៊ុមព័ទ្ធ​ព្រំ ដី​រំលោភ​លើ​ដី​ស្របច្បាប់ ដែល​មាន​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ (​ប្លង់រឹង​) ត្រឹមត្រូវ ​ក្នុង​គោលបំណង​លក់​ទៅ​អោយ​ក្រុមហ៊ុន​ពុះ​ឡូត៍​ក្នុងស្រុក​មួយ​។ លោក ផូ ស៊ីផា នេះ​ល្បី​ខាង​រៀប​ដី​ខ្យល់ ​លក់​ពី​មួយ​ដាក់​ទៅមួយ​ តាម​រូបភាព​លក់​អោយ​អ្នក​ចាស់​រួចហើយ​ លក់​បន្ត​ទៅ​អោយ ​អតិថិជន​ថ្មីៗ​ទៀត​ ជាន់​កម្មសិទ្ធិ​គ្នា​ជាច្រើន​ ទោះជា​ដឹង​មាន​ម្ចាស់​ហើយក៏​ដោយ​។​ ក្រៅពី​បណ្តឹង​ចាប់ខ្លួន​ខាងលើ បច្ចុប្បន្ន ផូ ស៊ីផា នេះ​ក៏មាន បណ្តឹង​ជាច្រើន​ទៀត បាន​ប្តឹង​ចូល​ទៅ​កាន់​តុលាការ ពី “​បទ​ក្បត់​ទុកចិត្ត​”​។

    បើ​តាម​ដើមបណ្ដឹង​ ដដែល បាន​ឲ្យ​ដឹងទៀតថា លោក ផូ ស៊ីផា កំពុង​មាន​អ្នក​អន្តរាគមន៍ ជួយ​អោយ​នៅ​ក្រៅ​ឃុំ​។ ម្ចាស់​បណ្តឹង​ទាំងអស់ ​ដែល​ដាក់​បណ្តឹង​នៅ​តុលាការ​ បាន​ស្នើ​សុំ​ដល់​អ្នក​ដែល​ចង់​ជួយ​ ផូ ស៊ីផា ​កុំ​លូកដៃ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​តុលាការ ​ទុក​ភារកិច្ច​នេះ​ ឲ្យ​តុលាការ ធ្វើការ​ស៊ើបអង្កេត​សិន ព្រោះ​បណ្តឹង​របស់​របស់ ផូ ស៊ីផា នេះ​មាន​បទល្មើស​ច្រើនណាស់​។

    សូម​រំលឹកថា កាលពី​ថ្ងៃទី​០៨ ​ខែមេសា ឆ្នាំ​២០២១ កំលាំង​ចំរុះ​ដឹកនាំ ដោយ​អាជ្ញា​សាលាដំបូង​ខេត្ត​សៀមរាប​ និង​កង​កំលាំង​ប៉ូលិស ក្រុងបាន​ចុះ​អនុវត្ត​ដីកា​សម្រេច​លេខ​ ១៩៩ ចុះ​ថ្ងៃទី​០៤ ​ខែមីនា ឆ្នាំ​២០២១ ដោយ​ឃាត់​ទុក​រថយន្ដ​មួយគ្រឿង​ម៉ាក្ស Toyota Lexus RX330​ ពណ៌​មាស ស្លាក​លេខ សៀមរាប ​2B-6806 ជា​កម្ម​សិទ្ធិ របស់​កូនបំណុល​ឈ្មោះ ផូ ស៊ីផា ​ទៅតាម​ដើម​បណ្តឹង​លោក ទូ​ស សា​ភឿន (​អគ្គនាយក​គម្រោង​បុរី​អង្គរ​លែ​ន​ម៉ាក្ស​) ពីបទ “​រំលោភ​លើ ​ទំនុកចិត្ត ​និង​បង្វែរ​វត្ថុ​ដាក់​ធានា​” តាម​សាលក្រម​ព្រហ្មទណ្ឌ​លេខ ​៣៥​ញ​/២៩១ សម្រេច​អោយ ផូ ស៊ីផា ផ្ដន្ទាទោស​ព្រហ្មទណ្ឌ ដាក់​ពន្ធនាគារ ​ជាប់ទោស​១​ឆ្នាំ ​ពិន័យ​ជា​ប្រាក់​ចំនួន​២​លាន​រៀល ​ពី​បទ ​បង្វែរ​វត្ថុ​រឹបអូស​ដាក់​ធានា និង​បង្គាប់​អោយ ផូ ស៊ីផា ​សង​សំណង ​ការខូចខាត​៥​ម៉ឺន​ដុល្លារ​ និង​សងជំងឺចិត្ត​៣០​លាន​រៀល ៕