Tue. Sep 28th, 2021

    (ភ្នំពេញ)៖ នគរបាលរាជធានីភ្នំពេញបំបែកសំណុំរឿងទីតាំងលួចផលិតកែច្នៃ និងជួញដូរគ្រឿងញៀន នៅក្នុងខុនដូមួយកន្លែងកណ្តាលរាជធានីភ្នំពេញ។​ ក្នុងប្រតិបត្តិការណ៍នេះ រយ:ពេល​ ២ថ្ងៃ​ ( ០៦-០៧​ ខែសីហា​ ២០២១ )បានឃាត់ខ្លួនជនសង្ស័យជនជាតិចិន ០១នាក់ និងដកហូតគ្រឿងញៀនចម្រុះជាង១៦គីឡូក្រាម។

    ការបង្រ្កាបទីតាំងផលិតកែច្នៃ និងជួញដូរគ្រឿងញៀនជាទ្រង់ទ្រាយធំ​ពីសំណាក់កងកម្លាំងនគរបាល​រាជធានីភ្នំពេញ គឺបានធ្វើឡើងតាមបទបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង​នគរ​បាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

    លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន​នៃស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ បាន​ឱ្យដឹងថា កម្លាំងនគរបាលខណ្ឌចំការមន បានល្បាតត្រួតពិនិត្យ​ពង្រឹង​ការងារសន្តិសុខក្នុងមូលដ្ឋាននៅចំណុចផ្តុំរង្វង់មូលផ្សារដើមថ្កូវ ក្នុងសង្កាត់ផ្សារដើមថ្កូវ​ខណ្ឌចំការមន ខណៈនោះក៏ជួបប្រទះបុរសម្នាក់ជនជាតិចិនកំពុងជិះម៉ូតូតែម្នាក់ឯង នៅពេលនោះ​កម្លាំង​នគរបាលមានការសង្ស័យក៏ហៅឱ្យឈប់ហើយសាកសួរ​និងឆែកឆេរត្រួតពិនិត្យ​ក៏បានឃើញ​ថ្នាំញៀន​ម្សៅពណ៌សម៉ត់០៥កញ្ចប់ ដែលលាក់ក្នុងកាបូបស្ពាយ សមត្ថកិច្ចបានដកហូត និងនាំខ្លួន​ជន​សង្ស័យឈ្មោះ ហ្វ័ង ស៊ីឡុង ភេទ ប្រុស អាយុ ២១ឆ្នាំមកសួរនាំបន្តនៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន។

    លោកនាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនប្រាប់ឱ្យដឹងទៀតថា ក្រោយពីសមត្ថកិច្ចបាន​សាកសួរ​ជនសង្ស័យនេះហើយរួចមានតម្រុយក្នុងការបន្តទៅ​ឆែកឆេរ​ត្រួតពិនិត្យនៅកន្លែង​ស្នាក់នៅ​របស់ជនសង្ស័យនៅកន្លែងផ្សេងទៀត ដើម្បីស្វែងរកគ្រឿងញៀនបន្ថែម​ ខណៈនោះ ឧត្តមសេនីយ៍​ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជា​ទៅ​ការិយាល័យជំនាញគ្រឿងញៀន ចុះទៅសហការជាមួយនគរបាលខណ្ឌចំការមន ក្រោមការដឹកនាំ​បញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និង លោកឧត្តមសេនីយ៍ត្រីគល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនដោយ​មានការ​សម្រប​សម្រួលនីតិវិធីពីលោក សំម ប្ញទ្ធីវាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង​រាជធានីភ្នំពេញ ។

    បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏បានចុះត្រួតពិនិត្យនៅកន្លែងស្នាក់នៅបណ្តោះអាសន្ន របស់ជនសង្ស័យក្នុងសណ្ឋាគារវីបូទិក ស្ថិតនៅសង្កាត់អូរឡាំពិកខណ្ឌបឹងកេងកង ប៉ុន្តែរកឃើញ​លិខិតឆ្លងដែនរបស់ជនសង្ស័យ ០១ច្បាប់ប៉ុណ្ណោះ។

    ក្រោយមកកម្លាំងសមត្ថកិច្ចក៏មានពន្លឺថែមទៀតក្នុងករណីគ្រឿងញៀននេះ ហើយក៏បានចេញទៅ​សហការជាមួយនគរបាលខណ្ឌមានជ័យ ដើម្បីស្វែងរកកន្លែងស្នាក់នៅរបស់ជនសង្ស័យ​មួយ​កន្លែងទៀតនៅក្នុងខុនដូលំនៅឋានអឹល បឹងទំពុន សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ កម្លាំង​សមត្ថកិច្ចចូលឆែកឆេរត្រួតពិនិត្យ បន្ទប់ស្នាក់នៅរបស់ជនសង្ស័យក៏បានប្រទះឃើញ​ឧបករណ៍​សម្ភារៈជាច្រើនសម្រាប់ផលិត កែច្នៃ គ្រឿងញៀន និងគ្រឿងញៀនគ្រប់ប្រភេទសរុបទម្ងន់ប្រហែលជា​ ១០គីឡូក្រាម​ និងសារធាតុសង្ស័យផ្សេងទៀតប្រហែលជា​ ៦គីឡូក្រាម​ ត្រូវបានដកហូត និងបញ្ជូនមកស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ ដើម្បីយកទៅអនុវត្តតាមនីតិវីធី។

    លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ឱ្យដឹងទៀតថា ជនសង្ស័យគ្រឿងញៀនជនជាតិចិននេះ ទើបចូលមកធ្វើការនិងស្នាក់នៅក្នុងប្រទេសកម្ពុជា ប្រមាណ១០ខែ ប៉ុណ្ណោះជននេះជាអ្នកចាត់ចែងគ្រប់គ្រង​នឹងដឹកជញ្ជូនគ្រឿងញៀន​ទៅឱ្យ​អតិថិជន​របស់ខ្លួនតាមរយៈភ្ញៀវ​កុម្ម៉ង់​ទិញអីវ៉ាន់។

    ជនសង្ស័យ និងវត្ថុតាងនៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ កម្លាំងការិយាល័យជំនាញ​កសាង​សំណុំរឿង​ចាប់​បញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការ​ចាត់ការតាមផ្លូវច្បាប់៕