Thu. Jul 29th, 2021

    (ភ្នំពេញ)៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្សពួក​៣​នាក់ ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ដេញ​តាម​ឃាត់ រួច​ក៏​នាំ​គ្នា​ធ្វើការ​ស្វាគមន៍​ម្នាក់​មួយ​ដៃ ម្នាក់​មួយ​ជើង បណ្តាល​ឱ្យ​រង​របួសធ្ងន់ បន្ទាប់​ពី​ជនសង្ស័យ​រូប​នេះ​បាន​ធ្វើ​សកម្មភាព​ឡើង​លើ​របង​ផ្ទះ​ប្រជាពលរដ្ឋ រួច​បំរុង​លួច​យក​ទ្រព្យសម្បត្តិ តែ​មិន​បាន​សម្រេច បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវ​៤៣២ កែង​៩៥ ស្ថិត​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

    សេចក្តី​ការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​រូប​នោះ មិន​បានអោយ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

    តាម​ប្រភព​ពី​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​ក្រុម​ជនសង្ស័យ​មាន​គ្នា​ចំនួន​៣​នាក់ បាន​ជិះ​កង់​ចំនួន​០២​គ្រឿង ដើរ​ធ្វើ​សកម្មភាព​ផ្សេង​ៗ លុះ​មក​ដល់​ផ្ទះ​កើតហេតុ នៅ​ផ្លូវ​៤៣២ កែង​ផ្លូវ​៩៥ ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ដែល​ជា​ផ្លូវ​រាង​ស្ងាត់​ផង​នោះ ក៏​ស្រាប់តែ​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៣​នាក់ បាន​ធ្វើ​សកម្មភាព​ឡើង​របង​ផ្ទះ​លក់​កាហ្វេ​មួយ​កន្លែង បំរុង​លួច​យក​ទ្រព្យសម្បត្តិ ។

    ប្រភព​ដដែល​បន្ត​ថា ពេល​ដែល​ជនសង្ស័យ​រូប​នេះ​បំរុង​លួច​នោះ ក៏​ត្រូវ​បាន​ម្ចាស់ផ្ទះ​ឃើញ ក៏​បាន​ស្រែ​កថា «​ចោរ​ៗ» បង្ក​ឱ្យ​មានការ​ផ្អើល​អស់​ប្រជាពលរដ្ឋ និង​ធ្វើ​អោយ​ជនសង្ស័យ​រូប​នោះ​ភ័យ​ស្លន់ស្លោ ក៏​រត់គេច​ខ្លួន តែ​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ដេញ​តាម​រហូត​មក​ដល់​ផ្លូវ​៤៣២​កែង​ផ្លូវ​១០៥ ចម្ងាយ​១០០​ម៉ែត្រ ពី​កន្លែង​កើតហេតុ ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ​បាន​តែ​ម្តង ចំណែក​បក្សពួក​ផ្សេង​បាន​រត់គេច​ខ្លួន​បាត់​។

    ប្រភព​ដដែល​បន្ត​ថា ចំណែក​ជនសង្ស័យ​រូប​នេះ​វិញ ពេល​ដែល​ឃាត់ខ្លួន​បាន​ហើយ ស្រាប់តែ​ជនសង្ស័យ​បាន​យក​ឈើ​ជ្រុង​បំរុង​តដៃ​វិញ តែ​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​សហការ​គ្នា​ព្រួត​វាយ​ម្នាក់​មួយ​ដៃ ម្នាក់​មួយ​ជើង មាន​ទាំង​ដុំ​ថ្ម និង​ឈើ​ទីប ធ្វើ​អោយ​ជនសង្ស័យ​រង​របួស​បែកក្បាល​ហូរ​ឈាម​សន្លប់​ស្តូកស្តឹង លុះ​មួយសន្ទុះ​ក៏​ដឹងខ្លួន​វិញ ស្រាប់តែ​ធ្វើ​ជា​និយាយ​រវើរវាយ​ដូច​ជា​មនុស្ស​បែក​ថ្នាំ​តែ​ម្តង ។

    ប្រភព​ដដែល​បន្ត​ទៀត​ថា ក្នុង​ករណី​ខាងលើ​នេះ​ដែរ បន្ទាប់​ពី​ឃើញ​សភាព​ជនសង្ស័យ​ទ្រោម​ខ្លួន​ចឹ​ង​ហើយ ម្ចាស់ផ្ទះ​ក៏​មិន​បាន​ដាក់​ពាក្យបណ្ដឹង​អ្វី​នោះ​ទេ គឺ​ប្រគល់​ឱ្យ​សមត្ថកិច្ច​ធ្វើការ​អប់រំ​តែ​ម្តង ។

    ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ក៏​ត្រូវ​បាន​សមត្ថកិច្ច ហៅ​ម៉ូតូ​កង់​បី អោយ​ជួយ​ជូន​ត្រឡប់​ទៅ​ផ្ទះ​វិញ ដើម្បី​ព្យាបាល​បាលរ​បួស​ដោយ​ខ្លួនឯង ៕