Thu. Jul 29th, 2021

    (ភ្នំពេញ)៖ ឃ្លាំងស្តុកតុសិស្សសាលា និងសម្រាម ក្នុងទីឃ្លាសាលាវិទ្យាល័យ ជា ស៉ីម បឹងកេងកង ត្រូវបានឆាបឆេះបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១៥និង១០នាទី ល្ងាចថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចបរិវេណសាលា តាមបណ្ដោយផ្លូវលេខ៦៣កែងផ្លូវលេខ៣៩២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា នៅមុនពេលកើតហេតុ ឃើញមានផ្សែងហុយចេញពីរោងប្រកសង្ក័សី បង្កជាអណ្ដាតភ្លើងក្នុងបរិវេណសាលា រួចបានរាយការទៅអាជ្ញាធរមូលដ្ឋាន ទាក់ទងទៅនគរបាលជំនាញការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងដើម្បីអន្តរាគមន៍បាញ់ពន្លត់ជៀសវាងរាលដាលដល់ទីតាំងផ្សេងៗទៀតក្នុងបរិវេណសាលា។

    មន្រ្តីនៃការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ក្នុងប្រតិបត្តិការនេះរថយន្តបានមកដល់ទីតាំងកើតហេតុចំនួន០៤រថយន្តនិងប្រើប្រាស់បាញ់ពន្លត់ចំនួន០៣រថយន្ត ទើបរលត់ជាស្ថាពរ មូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី និងមិនបង្កអោយមានមនុស្សរងរបួសឡើយ៕