Thu. Apr 15th, 2021

    សម្លេងរអ៊ូរបស់អ្នកលក់អនឡាញកងរំពងតាំងតែពីចុងឆ្នាំ ២០២០មកទល់នឹងពេលនេះ ខ្លះផុស Status ផង ខ្លះទៀតខ្វែងដៃខ្វែងជើងរកអ្នកជំនាញផង ប្រសិទ្ធភាពនៃការប៊ូសរបស់គាត់ហាក់ថមថយជាងមុន កាត់លុយច្រើន តែលទ្ធផលបានមកវិញតិច។

    khmer1st.com

    មានកត្តាជាច្រើនចូលរួមចំណែកទៅលើប្រសិទ្ធភាពនៃការប៊ូស។ ពិតណាស់ថាជម្លោះរវាង Facebook និង Apple បានរុញច្រានហាងឆេងនៃតម្លៃ Ads លើ Facebook ឡើងមួយកម្រិតដោយហេតុថា Facebook ខ្វះទិន្នន័យក្នុងការទាញយករុញដាក់ឱ្យចំគោលដៅរបស់អ្នកផ្សព្វផ្សាយក្រោមសម្ពាធនៃការបិទការប្រមូលទិន្នន័យពីសំណាក់ iOS 14 របស់ Apple។

    យ៉ាងណារឿងជម្លោះ Facebook និង Apple ជារឿងដែលអ្នកលក់មិនអាចធ្វើអ្វីបាននោះទេក្រៅតែពីដេកចាំមើល ហេតុនេះហើយគួររកវិធីឆ្កឹះទាញចំណូលមកវិញ ជាជាងផ្ដេកផ្ដួល។

    ហេតុដូច្នោះក្នុងអត្ថបតនេះខ្ញុំសូមជូនជាគន្លឹះពីរ ជួយអ្នកក្នុងពេលដែលប្រសិទ្ធភាពនៃការប៊ូសលើហ្វេសប៊ុកធ្លាក់ចុះនេះ។

    ១. ផ្ដោតលើការផលិត Content

    ក្នុងភាសាទីផ្សារនិងការកសាងយីហោ គេនិយមនិយាយថា “Content ជាស្ដេច”។

    អ្នកលក់គួរផ្ដោតលើការផលិត Content ដែលចាប់អារម្មណ៍ដល់អ្នកតាមដានផេកវិញ ហើយចាំចាក់លុយប៊ូសទៅលើ Content ដែលទាក់ទាញនោះវិញ។

    មូលហេតុនៅត្រង់ថា ប៊ូស Content ដែលទាក់ទាញស្រាប់ និងមានការចែករំលែក Like Comment ឬ Share ដែលនឹងជួយឱ្យថ្លៃប៊ូសចុះធូរមួយកម្រិតហើយ ព្រំដែននៃការចែករំលែកតៗគ្នាមិនមានកំណត់នោះទេ។

    ហើយមែនទែនទៅអ្នកដែលពូកែធ្វើ Content សឹងតែមិនបាច់ហត់ប៊ូសច្រើននោះទេ អាចនឹងផ្ទុះការចាប់អារម្មណ៍ដោយឯកឯង ហើយពេលមានការចាប់អារម្មណ៍ការបម្លែងចំណាប់អារម្មណ៍ទៅជាការលក់ក៏ងាយស្រួលដែរ បើសិន Content នោះមានបង្កប់ទំនុកចិត្តឱ្យភ្ញៀវរួចហើយនោះ។

    ២. រត់រកផ្លេតហ្វមថ្មី

    ឃើញឃ្លានេះហើយអ្នកប្រាកដជាពេបមាត់បន្តិចហើយថា Facebook ប៉ិនណាណីរត់ទៅរកអី?

    តែបណ្ដាញសង្គមស្រុកខ្មែរបច្ចុប្បន្នដែលកំពុងទទួលបានការពេញនិយមមិនមែនតែ Facebook មួយនោះទេ បច្ចុប្បន្នកូនពៅបណ្ដាញសង្គមដែលកំពុងលេចធ្លោខ្លាំងជាងគេគឺ TikTok ហើយកុំនិយាយថា TikTok អត់ប្រយោជន៍អី គួររកកន្លែងទាញប្រយោជន៍ពី TikTok មកវិញ។

    លាភធំនៅពេលនេះគឺ TikTok អាចប្រើប្រាស់បានដោយឥតគិតថ្លៃ ជាមួយនឹងការរុញឱ្យអ្នកមើលច្រើនៗដោយឥតគិតថ្លៃ ដែលប្រៀបបានទៅនឹង Facebook កាលពី ៥ឆ្នាំមុនដូច្នោះដែរ។

    ហេតុនេះហើយអ្នកលក់ត្រូវចាប់ឱកាសនេះឱ្យបាន ខណៈដែលដំណឹងចាយលុយប៊ូសលើ TikTok ចាប់ផ្ដើមមាននោះ។ បច្ចុប្បន្នគេសង្កេតយីហោធំៗនៅស្រុកខ្មែរឡើង TikTok ច្រើនណាស់ បើបំណាច់គេធំហើយគេនៅរត់ទៅរករបស់ Free ចុះហេតុអ្វីយើងមិនឡើងទៅដែរ?

    នេះជាចំណុចខ្លឹមពីរសំខាន់ដែលខ្ញុំគិតថាអ្នកលក់គួរផ្ដោតឱ្យខ្លាំង ក្រៅពីនោះបកមកការប៊ូសនៅលើ Facebook វិញ ខ្ញុំណែរនាំឱ្យប៊ូស Content ដែលជាប្រភេទវីដេអូខ្លី មិនយូរជាង ១នាទី​ ហើយការកំណត់អតិថិជនគោលដៅឬយ៉ាងណានោះ អាចធ្វើដូចកាលពីមុនធម្មតា។

    មានអ្វីចែករំលែកបន្ថែម ឬយោបល់យ៉ាងណាអាចខមិននៅខាងក្រោមអត្ថបទនេះបាន។