Sun. Jun 13th, 2021

    (ភ្នំពេញ)៖ សាលា​រាជធានី​ភ្នំពេញ បាន​បិទ​ខ្ទប់​​ផ្នែក​ខ្លះ​នៃ​ភូមិ​​ចំនួន​៤​នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​ឡើង​វិញ ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​ទៅ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។

    ក្នុង​សេចក្ដី​សម្រេច​នៅ​ថ្ងៃ​នេះ រដ្ឋបាល​រាជ​ធានី​ភ្នំពេញ បាន​កំណត់​ជា​តំបន់​លឿង​ទុំ​នូវ​ផ្នែក​ខ្លះ​នៃ​ភូមិ​ចោមចៅ​៣ ស្ថិត​ក្នុង​សង្កាត់​ចោមចៅ​ទី​២ និង​ផ្នែក​ខ្លះ​នៃ​ភូមិ​ត្រពាំងពោធិ៍ ភូមិ​ព្រៃព្រីង​ខាង​ជើង​២ និង​ភូមិ​ជម្ពូវ័ន​២ នៅ​ក្នុង​សង្កាត់​ចោមចៅទី​៣ ជា​«តំបន់​លឿង​ទុំ»។

    បើ​តាម​សេចក្ដី​សម្រេច​នេះ វិធានការ​បិទ​ខ្ទប់​នេះ​ នឹង​ត្រូវ​ចាប់​ផ្ដើម​អនុវត្ត​ចាប់​ពី​ម៉ោង​សូន្យ​ឈាន​ចូល​ថ្ងៃ​ស្អែក​នេះ រហូត​ដល់​ថ្ងៃទី​២៣ ខែ​មិថុនា​ខាង​មុខ​នេះ។

    នៅ​ក្រោម​វិធានការ​បិទ​ខ្ទប់​នេះ អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​សម្រេច​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​លំនៅឋាន ឬ​ទី​ស្នាក់​អាស្រ័យ​របស់​ប្រជា​ពលរដ្ឋ។

    ចំណែក​ឯ​សកម្មភាព​ខាង​មុខ​របរ ការងារ និង​អាជីវកម្ម ដែល​មិន​មែន​ជា​តម្រូវការ​ចាំ​បាច់ ក៏​ត្រូវ​បាន​ហាម​ឃាត់​ផង​ដែរ។

    ទោះជាយ៉ាងណា​ សាលា​រាជ​ធានី​ភ្នំពេញ​ក៏​បាន​ផ្ដល់​ការ​លើក​លែង​សម្រាប់​ការ​ធ្វើ​ដំណើរ​មួយ​ចំនួន និង​សកម្មភាព​អាជីវកម្ម ការងារ ឬ​មុខ​របរ​មួយ​ចំនួន​ផង​ដែរ។

    សាលា​រាជធានី​ភ្នំពេញ ​បាន​បញ្ជាក់​ក្នុង​សេចក្ដី​សម្រេច​នោះ​ថា វិធានការ​នេះ ​គឺ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩ បន្ទាប់​ពី​ខណ្ឌ​ពោធិ៍សែនជ័យ​ បាន​មើល​ឃើញ​កំណើន​ឡើង​វិញ​នៃ​ចំនួន​ពលរដ្ឋ​ឆ្លង​មេរោគ​កូវីដ-១៩​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ៕

    Corona