Thu. Jul 29th, 2021

    UN៖ អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​ទទូច​ដល់​យោធា​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី១ ខែ​កក្កដា ឲ្យ​ដោះលែង​ម្ចាស់​ពានរង្វាន់​ណូបែល​លោកស្រី Aung San Suu Kyi និង​ប្រធានាធិបតី Win Myint ឥឡូវនេះ មួយថ្ងៃ​បន្ទាប់ពី​អ្នក​ជាប់ឃុំ​រាប់​ពាន់​នាក់​ផ្សេងទៀត​ត្រូវ​បាន​ដោះលែង​។

    ​លោកស្រី Eri Kaneko អ្នកនាំពាក្យ​រង​របស់ Guterres បាន​និយាយ​ថា យើង​សូម​អំពាវនាវ​ម្តង​ទៀត​ឱ្យ​ដោះ​លែង​ជាបន្ទាន់ ​គ្រប់​អ្នក​ទាំងអស់​ដែល​ត្រូវ​បាន​ឃុំឃាំង​តាម​អំពើ​ចិត្ត ដែល​រួមមាន​ប្រធានាធិបតី Win Myint និង​ទីប្រឹក្សា​រដ្ឋ​លោកស្រី Aung San Suu Kyi​។​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ក្នុងស្រុក​បាន​រាយការណ៍​ថា​ សហភាព​មី​យ៉ាន់​ម៉ា​បាន​ដោះលែង​អ្នក​ជាប់ឃុំ​ជាង ២.០០០​នាក់​កាលពី​ថ្ងៃ​ពុធ​ក្នុង​នោះ​មាន​អ្នក​សារព័ត៌មាន និង​អ្នក​ផ្សេងទៀត​ ដែល​យោធា​កំពុង​កាន់​អំណាច​បាន​ចោទប្រកាន់​ពី​បទ​ញុះញង់ ឲ្យ​ចូលរួម​ក្នុង​ការ​តវ៉ា​។​ ​ក្រុម​ប្រឆាំង​យោធា​ជាច្រើន​ត្រូវ​បាន​ឃុំខ្លួន ខ្លះ​ត្រូវ​បាន​ផ្ដន្ទាទោស​ក្រោម​ច្បាប់​ដែល​កំណត់​ទោស​បទឧក្រិដ្ឋ ​ដល់​ការ​អត្ថាធិប្បាយ​ទាំង​ឡាយ​ណាដែល​នាំឱ្យ​មានការ​ភ័យខ្លាច ​ឬ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​។ លោក​ស្រី Aung San Suu Kyi កំពុង​ត្រូវ​បាន​កាត់ទោស​ពី​បទ​ឧក្រិដ្ឋ​ស្រដៀង​គ្នា​នេះ ក្នុងចំណោម​ជន​ទាំងនោះ និង​កំពុង​ស្ថិត​ក្នុង​ការ​ឃុំខ្លួន​នៅឡើយ​៕