Tue. Sep 28th, 2021

    influencer ជនជាតិអង់គ្លេស ម្នាក់ត្រូវកែមុខដល់ទៅ ១៨ ដង ព្រោះដោយសារតែគេចង់ឲ្យខ្លួនមើលទៅដូចជា Jimin ដែលជាសមាជិកម្នាក់របស់ក្រុម BTS ហើយអះអាងថារូបគេជាជនជាតិកូរ៉េ។

    នោះគឺ Oli London តែងតែហៅខ្លួនឯងថា “ពួកគេ” (They/Them) ត្រូវបានគេរិះគន់ចំពោះការអះអាងថា ខ្លួនជាជនជាតិកូរ៉េ នៅពេលលោកវះកាត់ផ្ទៃមុខ ចង់ធ្វើឱ្យដូចតារាចម្រៀងដែលខ្លួនចូលចិត្ត និងចង់នាំយកវប្បធម៌កូរ៉េខាងត្បូងមកដាក់ក្នុងខ្លួន ធ្វើឱ្យវាស្ទើរតែអាចផ្លាស់ប្តូរខ្លួនឯងពីការជនជាតិមួយ ទៅជាជនជាតិមួយទៀត ។

    Oli London បានសារភាពថា ខ្លួនមានបញ្ហាជាមួយនឹងស្ថានភាពខ្លួនឯង អស់រយៈពេលជាច្រើនឆ្នាំមកហើយ និងបានធ្វើការកែសម្ផស្សប្លាស្ទិចចំនួន ១៨ដង ដោយសង្ឃឹមថា សង្គមកូរ៉េនឹងទទួលយករូបគេថែមទៀត ដោយសារតែរូបរាងបានផ្លាស់ប្តូរឱ្យត្រូវនឹងវប្បធម៌កូរ៉េ ឬ K-pop ហើយ ។

    ទោះយ៉ាងណាក៏ដោយ ក្រោយមកក៏មានពាក្យប្រកែកតវ៉ាទាក់ទិននិងរឿងនេះ ដោយសារតែលោកនិយាយថា ខ្លួនមិនបានធ្វើឱ្យនរណាម្នាក់ឈឺចាប់ជាមួយ ដោយសារការកំណត់អត្តសញ្ញាណជាជនជាតិកូរ៉េឡើយ ប៉ុន្តែលោកបែរជាត្រូវបានប្រព័ន្ធផ្សព្វផ្សាយសង្គមថ្កោលទោសទៅវិញថាលោក “រវើរវាយពេក” និងមិនគោរពវប្បធម៌កូរ៉េ ហើយព្យាយាមឆក់ឱកាស ។

    ចំពេលវេលាដែលមានការវាយបក ខ្លួនលោកផ្ទាល់បាននិយាយថា លោកចង់ឲ្យអ្នកដទៃគោរពការសម្រេចចិត្តរបស់ខ្លួន ហើយព្យាយាមយល់ថារូបគេមិនចង់មានបញ្ហាអវិជ្ជមាន ឬបង្កបញ្ហាទេ ។

    “នៅ​ចុង​បញ្ចប់ ខ្ញុំនៅតែជាមនុស្សម្នាក់ដែលរស់ជាមួយសេចក្តីពិតរបស់ខ្ញុំ វាគឺជារឿងអកុសលមួយដែលមនុស្សជាច្រើនលាក់អាថ៌កំបាំង នៅក្នុងខ្លួនរបស់ពួកគេ” ។

    ដោយឡែក តើ Oli London បានធ្វើការវះកាត់អ្វីខ្លះ? រូបគេបានកែសម្ផស្សដូចជា ទាញមុខ  បន្តឹងមុខ លើកចិញ្ចើម ពត់ធ្មេញ ។ លើសពីនេះទៀត លោកក៏បានកំណត់ខ្លួនឯងថាជា Jimin BTS ហើយបានប្រកាសថា ការកែពូជសាសន៍ពិតជាអាចធ្វើទៅបាន ប្រសិនបើកែភេទអាចធ្វើបានទៅហើយ កែពូជសាសន៍ពិតអាចធ្វើបាន។

    ផ្ទុយទៅវិញ Oli London នៅតែគេចមិនផុតពីការរិះគន់ដដែល ក្រោយគេព្យាយាមផ្លាស់ប្តូរពូជសាសន៍ខ្លួនឯង ភ្ជាប់ទៅនឹងទំនោររបស់ក្រុម LGBTQ+ ។ ក្នុងនោះមានមតិយោបល់មួយបាននិយាយថា៖  អ្នកអាចជាមនុស្ស Non-binary ព្រោះនោះជាចំណុចដែលអ្នកកំពុងតែឈរ ប៉ុន្តែអ្នកមិនអាចជាជនជាតិកូរ៉េបានទេ។

    ជាចុងក្រោយ Oli London គ្រាន់តែចង់និយាយថាខ្លួនគេផ្ទាល់ មានគោលដៅគាំទ្រសហគមន៍កូរ៉េ ហើយអ្នកដែលគិតថា វាគួរអោយអស់សំណើច ពួកគេអាចជាមនុស្សដែលនៅតែមិនយល់ ពីជីវិតដែលត្រូវបានជាប់នៅក្នុងខ្លួនដែលមិនមែនខ្លួនឯងអស់មួយជីវិតបែបនេះនោះទេ ៕ ប្រភព៖ sky news