Sat. Mar 6th, 2021

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឱ្យបណ្តេញចេញពីកម្ពុជា និងលែងឱ្យត្រឡប់ចូលមកវិញ ចំពោះជនបរទេសទាំងឡាយណា ដែលគេចវេះ និងមិនចូលរួមសហការក្នុងការធ្វើចត្តាឡីស័ក។

    ការសម្រេចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងតាមសំណើរបស់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនរគបាលជាតិ និងជាអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩។

    លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា តាមរយៈសំណើទៅកាន់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានគូសបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍សហគមន៍ «៣វិច្ឆិកា», «២៨វិច្ឆិកា» និង «២០កុម្ភៈ» អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ តែងតែជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនក្នុងប្រតិបត្តិការរបស់ខ្លួន។ ក្នុងនោះមានបញ្ហាបុគ្គលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ មិនព្រមសហការផ្តល់ការសម្ភាសន៍ ផ្តាច់ទំនាក់ទំនង និងករណីរត់គេចមិនព្រមធ្វើចត្តាឡីស័កជាដើម។

    បន្ថែមពីលើទីតាំងពាក់ព័ន្ធមិនសហការចំពោះកិច្ចប្រតិបត្តិការស្រាវជ្រាវ និងតាមដានបុគ្គលផ្ទុកជំងឺកូវីដ១៩ ដែលធ្វើឱ្យប្រតិបត្តិការមានភាពយឺតយ៉ាវ និងខ្វះចន្លោះ។

    ក្នុងលិខិតនេះលោក ឌី វិជ្ជា បានស្នើសម្តេចតេជោ ហ៊ុន សែន អនុវត្តន៍នូវវិធានការចំនួន៣ ចំពោះជនមិនសហការទាំងនេះ ដើម្បីពង្រឹងប្រសិទ្ធភាពការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍។ វិធានការទាំង ៣ចំណុចនោះរួមមាន៖ចំពោះជនបរទេស បណ្តេញចេញពីប្រទេសកម្ពុជា និងហាមចូលប្រទេសជាថ្មី, ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនជាតិខ្មែរ និងសម្រាប់ម្ចាស់ទីតាំង សូមដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង។

    សំណើវិធានការទាំង៣ចំណុចនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចារយល់ព្រមរួចរាល់ហើយនៅថ្ងៃដដែលនេះ។

    សូមបញ្ជាក់ថា សំណើចាត់វិធានការតឹងរឹងលើជនបរទេសនេះ បានកើតមានចំពេលកម្ពុជាកំពុងផ្ទុះនូវការឆ្លងក្នុងសហគមន៍ធ្ងន់ធ្ងរ។ អ្នកដែលរកឃើញកើតមានជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ជាថ្មីនេះ ភាគច្រើនជាជនបរទេស៕

    Corona