Thu. Apr 15th, 2021

    (ខេត្តកណ្តាល)៖ ក្រោយពេលក្រសួងសុខាភិបាល ប្រកាស​ព័ត៌មានអំពីករណីជនជាតិចិនម្នាក់ជាភ្ញៀវ មកលេងក្នុងកាស៊ីណូ​ មានវិជ្ជមាន នៃកូវីដ-១៩នោះមក អាជ្ញាធរខេត្តកណ្ដាល ​នៅព្រឹក ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ​អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ចុះបិទទីតាំងកាស៊ីណូ«យង់យ័ន» នៅជ្រៃធំ ស្ថិតក្នុងស្រុកកោះធំ។

    មន្រ្ដីនគរបាលខេត្តកណ្ដាល បានឲ្យដឹងថា នៅក្នុងប្រតិបត្ដិការនោះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល មិនបានអនុញ្ញាតឲ្យបុគ្គលិក និងភ្ញៀវ នៅក្នុងកាស៊ីណូខាងលើនេះ ចេញមកក្រៅ ដោយគ្មានការអនុញ្ញាតនោះឡើយ។ ការធ្វើបែបនេះ ក៏ដើម្បីទុកពេលឲ្យមន្រ្ដីសុខាភិបាលយកសំណាករបស់ពួកគាត់ ទៅពិនិត្យ ដើម្បីស្វែងរកកូវីដ-១៩ផងដែរ។

    សូមជម្រាបថា គិតត្រឹមវេលាម៉ោង៧​ព្រឹក ថ្ងៃទី​៥ ខែមីនា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៩២៣នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ចំនួន ៤៨៩នាក់ និងអ្នកជំងឺចំនួន៤៤២នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យរបស់រដ្ឋ៕

    Corona