Sun. Jun 13th, 2021

    (ម៉ានីឡា)៖ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ​ទី​២​ ខែមិថុនា​ថា ព្យុះ​តំបន់​ត្រូ​ពិ​ក​បាន​ឆក់​យក​ជីវិត​មនុស្ស​ ៣​នាក់ និង​បង្ខំ​ឲ្យ​អ្នកភូមិ​រាប់​រយ​នាក់​ ជម្លៀស​ចេញពី​លំនៅឋាន​នៅ​ក្នុង​ភាគ​ខាង​ត្បូង និង​កណ្ដាល​របស់​ប្រទេស​ហ្វីលីពីន ជាទី​ដែល​ព្យុះ​នេះ​បាន​បង្ក​ឲ្យ​មាន​ទឹកជំនន់ និង​បំណាក់​ដី​។

    ​ក្រុម​អ្នក​ព្យាករណ៍​បាន​និយាយ​ថា ​ព្យុះ Choi-wan ស្ថិតនៅ​ភាគ​និរតី​នៃ​ខេត្ត Masbate ភាគ​កណ្ដាល​កាលពី​ព្រឹក​ថ្ងៃ​ពុធ ​ដែល​នាំមក​ជាមួយ​នូវ​កម្លាំងខ្យល់ ៦៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​ល្បឿន​ខ្យល់​បក់​រហូតដល់ ៩០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ពួកគេ​បាន​និយាយ​ថា ​ព្យុះ​នេះ​កំពុង​បោះពួយ​ទៅ​ភាគ​ពាយព្យ​ និង​អាច​ចុះ​ខ្សោយ​កម្លាំង​នៅ​ពេល​បក់​បោក​ឆ្ពោះ ​ទៅ​សមុទ្រ​ចិន​ខាងត្បូង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

    ​មាន​មនុស្ស​យ៉ាងហោចណាស់ ៣​នាក់​បាន​ស្លាប់​រួម​ទាំង​អ្នកភូមិ​​អាយុ ១៤​ឆ្នាំ​ម្នាក់ ​ដែល​បាន​ព្យាយាមហែល​ជាមួយ​ឪពុក​របស់​នាង​ ទៅកាន់​ច្រាំងទន្លេដើម្បី​ជួយសង្គ្រោះ​សត្វ​ ក្នុង​កសិដ្ឋាន​របស់​ពួកគេ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ប៉ុន្តែ​ត្រូវ​បាន​ទឹក​ដែល​កំពុង​ហូរ​ខ្លាំង​កួច​ចូល​ក្នុង​ទឹកទន្លេ​នៅ​ទីក្រុង Norala ក្នុង​ខេត្ត Cotabato ភាគ​ខាង​ត្បូង​។ ការិយាល័យ​ការពារ​ជន​ស៊ីវិល​បាន​និយាយ​ថា ​ឪពុក​របស់​នាង​នៅតែ​បាត់​ខ្លួន​នៅឡើយ​។​

    khmer1st.com

    ​ប្រជាជន​ជាង ២.៦០០នាក់​ត្រូវ​បាន​ជម្លៀស​ចេញពី​លំនៅឋាន​ ភាគច្រើន​ដោយសារតែ​ទឹកជំនន់​នៅ​ក្នុង​ភូមិ​ចំនួន ១៨ នៅ​ភាគ​ខាង​ត្បូង​ប្រទេស ក្នុង​នោះ​មាន​អ្នកភូមិ​ប្រមាណ ៦០០​នាក់​ដែល​បាន​ជម្លៀស​ទៅ​ស្នាក់នៅ​បណ្ដោះអាសន្ន​ នៅ​មជ្ឈមណ្ឌល​ជម្លៀស​។ ក្រុម​មន្ត្រី​បាន​និយាយ​ថា ​ត្រូវការ​កន្លែង​ទំនេរ​បន្ថែម​ទៀត​ដើម្បី​ផ្ដល់​ជម្រក​ដល់​អ្នក​ជម្លៀស ជា​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា៕ ប្រភព៖ NPR