Sun. Jun 13th, 2021

    (បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៣១០ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ហើយភាគច្រើនជាករណីឆ្លងក្នុងស្រុកផ្ទាល់ ដោយមានតែ ៣៨ករណីប៉ុណ្ណោះជាករណីនាំចូល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation។

    thai-covid

    មជ្ឈមណ្ឌល CCSA បានគូសបញ្ជាក់ប្រាប់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន២,២០៨ករណី ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ ១០២ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ទីក្រុងបាងកក នៅតែជាកន្លែងដែលត្រូវបានរាយការណ៍ពី ការរកឃើញករណីឆ្លងថ្មីៗច្រើនជាងគេដដែល គឺចំនួន ៧៨៨ករណី។

    CCSA បានគូសបញ្ជាក់បន្ថែមថា ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ៤៣នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះដូចគ្នា ហើយអ្នកជំងឺចំនួន ៣,០៣៥នាក់ទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

    គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១៨៧,៥៣៨ករណី ក្នុងនោះមានអ្នកស្លាប់ ១,៣៧៥នាក់ និងអ្នកជាសះស្បើយ ១៣៩,២៨៧នាក់។ ចំណែកចំនួននៃអ្នកបានចាក់វ៉ាក់សាំងវិញ ថៃសម្រេចបានជាង៥.៤លានដូស៕

    Corona