Sun. Jun 13th, 2021

    (បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៦៨០ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ហើយភាគច្រើនជាករណីឆ្លងក្នុងស្រុកផ្ទាល់ ដោយមានតែ ១១ករណីប៉ុណ្ណោះជាករណីនាំចូល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។

    thai-covid-19

    CCSA បានគូសបញ្ជាក់ប្រាប់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ២,៤០០ករណីត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ ២៨០ករណីទៀតត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ទីក្រុងបាងកក នៅតែជាកន្លែងដែលត្រូវបានរាយការណ៍ពី ការរកឃើញករណីឆ្លងថ្មីៗច្រើនជាងគេដដែល គឺចំនួន ១,០៩៦ករណី។

    CCSA បានគូសបញ្ជាក់បន្ថែមថា ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ៣៥នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះដូចគ្នា ហើយអ្នកជំងឺចំនួន ៤,២៥៣នាក់ទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

    covid
    covid B.1.617

    គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១៨៥,២២៨ករណី ក្នុងនោះមានអ្នកស្លាប់ ១,៣៣២នាក់ និងអ្នកជាសះស្បើយ ១៣៦,២៥២នាក់៕

    Corona