Sun. Jun 13th, 2021

    (ហាណូយ)៖ ក្រសួងសុខាភិបាលប្រទេសវៀតណាម នៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន១៧៥ករណីបន្ថែមទៀត ក្នុងនោះមាន១៧១នាក់ជាករណីឆ្លងក្នុងសហគមន៍។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១។

    ខេត្ត Bac Giang, ខេត្ត Bac Ninh និងទីក្រុងហូជីមីញនៅតែជាតំបន់រ៉ាប់រ៉ងករណីឆ្លងច្រើនជាងគេ ដោយ ៩៨ករណីនៅខេត្ត Bac Giang, ៣៩ករណីនៅទីក្រុងហូជីមីញ និង២៥ករណីនៅខេត្ត Bac Ninh។ ហើយករណីភាគច្រើននៅខេត្ត Bac Giang និងខេត្ត Bac Ninh នោះទៀតសោតគឺជាកម្មកររោងចក្រដែលកំពុងស្ថិតក្នុងតំបន់ដាក់ឲ្យនៅដាច់ដោយឡែកពីគេ។

    គួរបញ្ជាក់ថា នៅថ្ងៃជាមួយគ្នានេះ វៀតណាមក៏បានរកឃើញអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ ចំនួន២នាក់បន្ថែមទៀតផងដែរ។ សរុបមកវិញ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ៩,១៥៨នាក់ ក្នុងនោះស្លាប់ ៥៥នាក់ និងជាសះស្បើយ៣,៥០៩នាក់៕

    Corona