Thu. Jul 29th, 2021

    (ហាណូយ)៖ ក្រសួងសុខាភិបាលប្រទេសវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន៥០៣ករណីបន្ថែមទៀត ដែលជាចំនួនករណីឆ្លងថ្មីប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងពីជំងឺរាតត្បាតនេះបានវាយប្រហារប្រទេសវៀតណាមកាលពីដើមឆ្នាំមុន។ នេះបើតាមតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១។

    vn-covid

    ក្នុងចំណោមករណីសហគមន៍នៅថ្ងៃព្រហស្បតិ៍នេះ ខេត្ត Bac Giang នៅតែជាចំណុចក្តៅ នៃការផ្ទុះរីករាលដាលកូវីដ១៩ នៅក្នុងប្រទេសវៀតណាមនាពេលបច្ចុប្បន្ន ជាមួយនឹងការរកឃើញករណីឆ្លងថ្មីចំនួន ៣២៧ករណី។

    ដោយឡែកនៅទីក្រុងហូជីមីញ បានរកឃើញករណីឆ្លងសហគមន៍ថ្មីចំនួន១៣៧ករណីបន្ថែមទៀត ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតផងដែរ ខណៈដែលទីក្រុងនេះមួយបានឈានដល់ថ្ងៃទី១៨ ហើយ នៃការអនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាព ដែលបានចូលជាធរមានកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១កន្លងទៅ។

    សរុបមកវិញ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១២,១៥០នាក់ ក្នុងនោះស្លាប់ ៦១នាក់ និងជាសះស្បើយ ៤,៦៥៣នាក់៕

    Corona