Thu. Jul 29th, 2021

    កញ្ញា Liziqi អាយុ ៣១ឆ្នាំ ពីក្មេងកំព្រា ត្រូវបានម្ដាយចុងធ្វើ មានជីវិតលំបាក ក្លាយជានារីយូធូបឺរចិន និងជាពាណិជ្ជករវ័យក្មេងម្នាក់ ដែលរកចំណូលបានរាប់រយលាន ។

    ជឿជាក់ថាមិនធ្លាប់មានប្រិយមិត្តណា មិនដែលបានឃើញវីដេអូឃ្លីប នៅលើបណ្តាញ យូធូបរបស់នារីជនជាតិចិនម្នាក់ ឈ្មោះ Liziqi ឡើយ ព្រោះនាងត្រូវបានគេចាត់ទុកថាជាយូធូបបឺរដ៏ល្បីល្បាញមួយរូប ។

    ឲ្យតែនរណាបានមើលឃ្លីបរបស់នាងហើយ គឺច្បាស់ជាចុចតាមដាន និងមិនអាចបញ្ឈប់ការមើលយ៉ាងងាយៗនោះទេ ។ ព្រោះដោយសារតែវាគឺជាសកម្មភាព  និងការនិទានរឿងដែលបង្ហាញពីរបៀបរស់នៅដ៏សាមញ្ញ និងស្ងប់ស្ងាត់នៅតាមតំបន់ជនបទជ្រលងភ្នំនៃប្រទេសចិន ។

    បរិយាកាសនៅក្នុងឃ្លីបរបស់ Liziqi ពិតជាស្រស់ស្អាតដូចផ្ទាំងគំនូរ រីឯសកម្មភាពដែលនាងបានបង្កើត មិនថាជាពេលកំពុងចំអិនម្ហូប ដេរប៉ាក់ ធ្វើកសិកម្ម ការថែសួន ការតុបតែងលំអ និងការងារសំណង់ផ្សេងៗ គឺនាងធ្វើវាដោយខ្លួនឯងទាំងអស់ អាចនិយាយបានថានាងជាស្ត្រីគ្រប់លក្ខ និងមានសមត្ថភាពខ្លាំងណាស់ ។

    បច្ចុប្បន្ននេះ ឆានែលយូធ្យូបរបស់ Liziqi មានអ្នកតាមដានជាង ១៥,២ លាននាក់ ដោយឃ្លីបនីមួយៗ ដែលនាងបានបង្ហោះមានអ្នកមើលយ៉ាងហោចណាស់ ១០ លានដង មិនតែប៉ុណ្ណោះទេ ឆានែលរបស់ Ziqi ថែមទាំងកាន់កំណង់ត្រា Guinness World Record ទៀតផង ។

    ហើយបើសរុបចំនួនឃ្លីបទាំងអស់ មានចំនួនអ្នកចូលមើលច្រើនជាង ២ពាន់លានដង នេះគ្រាន់តែជាឆានែលយូថូបតែមួយផង បើរាប់ទាំងឃ្លីបនៅលើបណ្តាញវេបសាយចិនដ៏ល្បីល្បាញ Weibo ទៀតនោះ គឺច្រើនរាប់សឹងមិនអស់ទៅហើយ ។

    Li Zi Qi កើតនៅថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ១៩៩០ នៅក្នុងភូមិតូចមួយ នៅឯជនជនបទ Mianyang ខេត្ត Sichuan ប្រទេសចិន។ ឪពុកម្តាយរបស់នាងបានលែងលះគ្នាតាំងពីនាងនៅក្មេង Ziqi នាងរស់នៅជាមួយឪពុកដែលរៀបការម្តងទៀត ហើយមិនយូរប៉ុន្មានឪពុករបស់នាងក៏បានស្លាប់ នៅពេលដែល Ziqi នៅក្មេង។

    Ziqi ធ្លាប់បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា នាងតែងតែត្រូវបានម្ដាយចុងធ្វើបាប នាងនៅចាំបានថា ពេលនោះនាងមានអាយុត្រឹមតែ ៦ឆ្នាំ ម្តាយចុងរបស់នាងបានទាញសក់ ហើយរុញក្បាលរបស់នាងទៅមក ។

    នៅគ្រានោះជីវិតរបស់ Ziqi ហាក់ដូចជាធ្លាក់នរកទាំងរស់ ប៉ុន្តែនៅទីបំផុតក៏មានទេវតា និងទេពអប្សរបានមកជួយនាង ចេញពីទីនោះ គឺជាជីតានិងជីដូនរបស់នាង។

    ជីតា និងជីដូនរបស់ Li ZiQi បានយកនាងទៅជាមួយ ពួកគាត់ចិញ្ចឹមបីបាច់នាងដោយក្តីស្រឡាញ់ និងភាពកក់ក្តៅ ដែល ziqi បាននិយាយថា បើគ្មានពួកគាត់ទាំងពីរនាងអាចនឹងស្លាប់ក៏ថាបាន។

    ដូចដែលបាននិយាយនៅខាងដើម Ziqi នាងមានទេពកោសល្យណាស់ ឃ្លីបរបស់នាងបានបង្ហាញពីជំនាញរបស់នាង ដែលទស្សនិកជនបានជជែកតវ៉ាថា តើមនុស្សម្នាក់អាចធ្វើអ្វីបានច្រើនដល់ម្លឹងមែនទេ? ចំពោះចំណុចនេះ Ziqi បាននិយាយថា ៖

    “ជំនាញទាំងនេះ ហាក់ដូចជាមិនគួរឱ្យជឿសម្រាប់មនុស្សជាច្រើន ប៉ុន្តែចំពោះខ្ញុំពួកវាគ្រាន់តែជាវិធីដើម្បីធ្វើយ៉ាងណាឲ្យជីវិតនៅរស់រានតែ និងចិញ្ចឹមខ្លួនតែប៉ុណ្ណោះ ខ្ញុំធ្វើអ្វីគ្រប់យ៉ាងយ៉ាងងាយស្រួល ដោយសារតែបច្ចេកទេសទាំងនោះ គឺជាបច្ចេកទេសរស់នៅរបស់ខ្ញុំ” ។

    រឿងមួយដែលគួរឱ្យទាក់ទាញ ធ្វើឱ្យមនុស្សឈ្លក់វង្វេងនឹងនាង គឺការចំអិនម្ហូប។ នៅក្នុងឃ្លីបអ្នកអាចឃើញថា Ziqi តែងតែនាំបន្លែ និងផ្លែឈើដែលនាងដាំនៅក្នុងចំការ ឬនៅតាមភ្នំ យកមកចំអិន ដែលជំនាញធ្វើម្ហូបទាំងនេះ នាងនិយាយថា វាបានមកពីជីតារបស់នាង។

    Liziqi បាននិយាយថា “អាហារដែលជីតារបស់នាងធ្វើ គឺជាអាហារដែលឆ្ងាញ់បំផុតនៅក្នុងការចងចាំរបស់នាង” ហើយអាហារដែលមនុស្សគ្រប់គ្នា ឃើញនៅក្នុងឃ្លីបវីដេអូទាំងអស់ វាជាម្ហូបដែលនាងចម្អិនហូបខ្លួនឯងរាល់ថ្ងៃ។  លើកលែងតែនៅក្នុងវីដេអូ នាងត្រូវស្លៀកពាក់ឲ្យសមរម្យបន្តិច ដើម្បីឲ្យមើលទៅស្រស់ស្អាត។

    Ziqi និយាយថា ដំបូងឡើយកន្លែងដែលនាងរស់នៅវាមានការលំបាកណាស់ នាងត្រូវដេកនៅលើបង់ក្នុងសួន ហើយត្រូវញ៉ាំតែនំបុ័ងអស់រយៈពេលជាច្រើនខែដេលម្បីរស់។

    បន្ទាប់មកនាង បានទៅធ្វើការនៅភោជនីយដ្ឋាន ដោយធ្វើជាឌីជេនៅក្នុងក្លឹប និងធ្វើការងារជាច្រើនទៀត ដើម្បីសន្សំប្រាក់ផ្ញើរជូនលោកតាលោកយាយ ។

    លុះរហូតដល់ឆ្នាំ ២០១២ យាយរបស់នាងក៏ធ្លាក់ខ្លួនឈឺ Ziqi សម្រេចចិត្តត្រលប់ទៅផ្ទះដើម្បីមើលថែជីដូនវិញ ។ Ziqi បាននិយាយថានាងចង់នៅក្បែរមនុស្សដែលចិញ្ចឹម និងការពារនាងពេលនាងនៅក្មេង ហើយមិនដែលបោះបង់ចោលនាង ។

    Liziqi ពិតជានឹករលឹកជីវិតស្ងប់ស្ងាត់នៅជនបទ បន្ទាប់ពីរយៈពេល ៨ឆ្នាំ ដែលនាងរស់នៅក្នុងទីក្រុងដ៏មមាញឹក ។

    បន្ទាប់ពីវិលត្រឡប់មកស្រុកកំណើតវិញ Ziqi បានបើកហាងលក់តាមអ៊ិនធើណេតមួយ នៅលើវេប Taobao ដើម្បីរកចំណូលខ្លះដើម្បីចិញ្ចឹមជីវិត និងដើម្បីបង្កើនការលក់ នាងក៏ឧស្សាហ៍ផលិតវីដេអូទាក់ទងនឹងអ្វីដែលនាងលក់។ ការធ្វើវីដេអូឃ្លីបពីផលិតផលរបស់នាង ដំបូងវាមិនមានការចាប់អារម្មណ៍ខ្លាំងនោះទេ លុះរហូតដល់ឆ្នាំ ២០១៧ ឈុតវីដេអូរបស់នាង ក៏ត្រូវបានគេស្គាល់កាន់តែទូលំទូលាយ។

    ក្រោយមក Ziqi បានងាកទៅបង្កើតវីដេអូអំពីការចម្អិនអាហារ វីដេអូរបស់នាងមានភាពលេចធ្លោណាស់ ជាពិសេសវិធីសាស្រ្តធ្វើម្ហូបបែបបុរាណ និងការដាំដុះរុក្ខជាតិផ្សេងៗ ដែលវាជាចំណុចប្លែកពីអ្នកដទៃ ។

    Ziqi បាននិយាយថា “មនុស្សជាច្រើនដែលមិនធ្វើកសិកម្ម ពួកគេមិនដឹងថាប្រភពអាហារទាំងនោះមកពីណាទេ ដូច្នេះពួកគេតែងតែចាប់អារម្មណ៍ នឹងរបៀបរស់នៅបែបប្រពៃណី” ។

    យ៉ាងណាមិញ វីដេអូឃ្លីបដែលនាងបានធ្វើ គឺនាងជាអ្នកផលិត ហើយកាត់តដោយខ្លួនឯងទាំងអស់ នាងមានក្រុមអ្នកថតវីដេអូ និងអ្នកថតរូប ដែលឃ្លីបនីមួយៗអាចចំណាយពេលច្រើនខែដើម្បីថត ហើយវាត្រូវចំណាយពេលយូរណាស់ដើម្បីធ្វើការកែសម្រួលទម្រាំវាត្រូវបានចេញផ្សាយមកដល់ភ្នែកអ្នកទស្សនា។

    បច្ចុប្បន្ន Liziqi បានចូលរួមជាមួយបណ្តាញវិជ្ជាជីវៈពហុប៉ុស្តិ៍ នាងត្រូវបានជួយដោយក្រុមអ្នកជំនាញក្នុងការគ្រប់គ្រងផលិតកម្ម ដែលការចូលរួមចំណែកទាំងនេះហើយ វាជួយបង្កើនគុណភាពឲ្យវីដេអូរបស់នាង។

    លើសពីនេះទៀតនាងក៏បានបង្កើតក្រុមហ៊ុន “Ziqi Culture” ជាហាងលក់តាមអ៊ិនធើ ណេតដែលលក់ម្ហូបប្រពៃណីចិន ចាប់ពីទឹកជ្រលក់ម្ទេស រហូតដល់អាហារកញ្ចប់សម្រាប់បរិភោគភ្លាមៗ ដោយក្នុងរយៈពេលតែពីរខែប៉ុណ្ណោះ ហាងតាមអ៊ិនធឺរណេតរបស់ Ziqi អាចរកលុយបានយ៉ាងច្រើនមហាសាល ។

    នេះបើយោងតាម ការប៉ាន់ស្មានប្រាក់ចំណូលរបស់ Ziqi នាងរកចំណូលបានច្រើនជាង ១៦៨ លានយ័នក្នុងមួយឆ្នាំ តែទោះយ៉ាងណា Ziqi បានចេញមកបដិសេធចំពោះប្រាក់ចំណូលនេះ។ប្រភព៖ small-town-little-anthony.medium.com