Thu. Oct 28th, 2021

    (ខេត្តក្រចេះ)៖នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះត្រូវបានគេអះអាងថាមានរថយន្តយីឌុបច្រើនគ្រឿង នឹងមានឈើ(ឈ្លីក)រាប់ពាន់ម៉ែត្រ កំពុងតែកកស្ទះនៅក្នុងព្រៃនិងនៅក្នុងក្រុមហ៊ុន ស៊ី អេក ភី ប៊ី ស្ថិតនៅក្នុង ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

    ខណ:ពេលគ្រឿងចក្រកំពុងតែ មមាញឹកជួសជុលស្ពាន ដើម្បីដឹកឈើចេញទៅលក់យ៉ាងអនាធិបតេយ្យនោះ បើយោងតាមសេចក្ដីរាយការណ៍បានអោយថា ឈើនៅក្នុងតំបន់ព្រៃឡង់ ត្រង់ចំណុចយាយមាន់,ទួលបាក់ក, អូរខ្លាហក់, ត្រពាំងក្បាលក្របី, ជប់, កប់សេះ, និងសំដេប៉ូ, ស្ថិតក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ កំពុងរងនូវការកាប់បំផ្លាញដឹកលក់ធ្វើអាជីវកម្មយ៉ាងអនាធិបតេយ្យ ដែលមេឈ្មួញទុច្ចរិតទាំងនោះត្រូវបានគេស្គាល់ឈ្មោះ ហេង សុខជា (ហៅ ជា សណ្ដាន់)។

    ចំណែកឈ្មោះ ភាជ សុផាត តួនាទីជាមន្ត្រីប៉ូលីស នៅប៉ុស្តិ៍សណ្ដាន់ បានឃុបឃិតគ្នា គៀងគរ ម៉ាស៊ីនង៉ោង និងគោយន្តកន្ត្រៃ ប្រមាណជាង១០០គ្រឿង ពួកគេប្ដូរ រូបភាព សមាសភាព សកម្មភាពឈ្មួញថ្មីម្នាក់ទៀតឈ្មោះ ធី ជំនួសបន្តលួចចូលព្រៃឡង់ ដើម្បីកាប់ឈើឈ្លីក(ឃ្លុំ) ដឹកចូលជ្រកតាមដីក្រុមហ៊ុន ស៊ី អេក ភី ប៊ី ។​បើគិតត្រឹមម៉ោងនេះ មានរថយន្តយីឌុបជាច្រើនគ្រឿងបានផ្ទុកឈើរួចហើយជាស្រេចត្រៀមនឹងដឹកចេញ ដោយជ្រកក្រោមស្លាកក្រុមហ៊ុន ស៊ឹងបាយអូថេក។

    សេចក្ដីរាយការណ៍ខាងលើអះអាងថាមេឈ្មួញឈើរូបនោះធ្វើសកម្មភាពកាប់និងដឹកជញ្ជូនឈើ(ឈ្លីក)ជាច្រើនគោយន្តកន្ត្រៃក្នុងមួយយប់ៗចាប់ពី១០០ គ្រឿងឡើង។ ចំណែកលោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ នៅសំងំស្ងាត់ឈឹង ធ្វើឲ្យគេសង្ស័យថា គាត់ជាអ្នកនៅពីក្រោយ និងបើកភ្លើងខៀវ ឲ្យមេឈ្មួញកាប់ឈើក្នុងតំបន់ព្រៃឡង់។

    ដើម្បីបញ្ចៀសនូវការភ័ន្តច្រឡំ និងព័ត៌មានក្លែងក្លាយណាមួយនោះ អង្គភាពសារព័ត៌មាន យើងស្នើសុំឲ្យមានការបកស្រាយជាទាន់ពេលវេលាពីលោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ។ ខណ:មហាជនលើកឡើងថា បើមិនមានការបើកភ្លើងខៀវនោះទេ ម៉្លេះក្រុមឈ្មួញទាំងនោះ តើនរណាហ៊ានថ្លើមធំពាសមេឃ បើកប្រតិបត្តិការកាប់ឈើជាទ្រង់ទ្រាយធំយ៉ាងរលូនដូច្នេះ.? ។

    សេចក្ដីរាយការណ៍បន្តថា មេក្រុមឈ្មួញកំពុងកាប់ឈើដឹកចេញពីតំបន់ព្រៃឡង់តាមរយ:គោយន្តរាប់រយគ្រឿងនិងដឹកចេញលក់ទៅក្រៅតាមរយ:រថយន្តយីឌុបក្នុង១ថ្ងៃៗមានពី៥ ទៅជាង១០គ្រឿង។

    រូបភាពផ្លូវខូចខាតដោយគ្រឿងចក្រធំៗឆ្លងកាត់

    ប្រជាពលរដ្ឋបានអះអាងថាកាលពីល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ ក្រុមឈ្មួញឈើឈ្មោះ ហេង សុខជា (ហៅ ជា សណ្ដាន់) ឈ្មោះ ភាជ សុផាត តួនាទីជាមន្ត្រីប៉ូលីស នៅប៉ុស្តិ៍សណ្ដាន់បានឃុបឃិតគ្នាជាមួយឈ្មោះ សាយ ប្រាំង ដែលមានឈ្មោះ ធី និងឈ្មោះ ឡុង ជាអ្នកចេញមុខរត់ការសមត្ថកិច្ចពាក់ព័ន្ធ និងបានគៀងគរ រណាយន្ត និងគោយន្តកន្ត្រៃ ប្រមាណជាង១០០គ្រឿង ដោយពួកគេលួចចូលព្រៃឡង់ ដើម្បីកាប់ឈើឈ្លីក(ឃ្លុំ) ដឹកចូលជ្រកតាមដីក្រុមហ៊ុន ស៊ី អេក ភី ប៊ី ជាប់និងក្រុមហ៊ុន ឈិនហុង ដែលសកម្មភាពថ្មីនេះ មានរយ:ពេលពេញមួយសប្តាហ៍មកហើយ ដោយរលូនគ្មានទាក់៕

    khmer1st News នឹងបន្តតាមដានដើម្បីផ្តលជាព័ត៌មានបន្តដល់ប្រិយមិត្ត